លោកជំទាវ ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជាបានឱ្យដឹងថា តបតាមការអញ្ជើញរបស់ប្រធានក្រុមលេខាធិការដ្ឋាននៃគណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគ កម្ពុជា-ថៃ (RBC) កងទ័ពភូមិភាគទី២ ថៃ នៅព្រឹកថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៥នេះ ប្រធានក្រុមលេខាធិការដ្ឋាននៃគណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគ កម្ពុជា-ថៃ (RBC) នៃយោធភូមិភាគទី៤ កម្ពុជា បានជួបពិភាក្សាការងារជាមួយអនុប្រធានក្រុមលេខានៃគណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគ កម្ពុជា-ថៃ (RBC) កងទ័ពភូមិភាគទី២ថៃ នៅច្រកទ្វារព្រំដែនអន្តរជាតិអូរស្មាច់។
ប្រតិភូកម្ពុជាដឹកនាំដោយ ឧត្តមសេនីយ៍ត្រី និត ណារ៉ុង នាយសេនាធិការរង យោធភូមិភាគទី៤ និងជាប្រធានក្រុមលេខា និងប្រតិភូភាគីថៃ ដឹកនាំដោយ វរសេនីយ៍ឯក យុត្ថាសាត សេតថាឆៃ នាយរងសេនាធិការ កងទ័ពភូមិភាគទី២ និងជាអនុប្រធានក្រុមលេខាធិការ។
ក្នុងកិច្ចប្រជុំនេះ ភាគីទាំងពីរបានពិភាក្សាគ្នាលើរបៀបវារៈសំខាន់ៗមួយចំនួននៅក្នុងដែនសមត្ថកិច្ចរបស់ RBC ដើម្បីរៀបចំឱ្យក្លាយទៅជាសកម្មភាពជាក់ស្តែងប្រកបដោយស្ថាបនា ស្របតាមស្មារតីនៃការប្រគល់ភារកិច្ចរបស់គណៈកម្មាធិការព្រំដែនទូទៅ (GBC) នៃប្រទេសទាំងពីរកម្ពុជា-ថៃ រួមទាំងខ្លឹមសារដែលបានឯកភាពគ្នាក្នុងកិច្ចប្រជុំវិសាមញ្ញលើកទី១ គណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគ កម្ពុជា-ថៃ (RBC) កាលពីថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៥ រវាងយោធភូមិភាគទី៤ នៃព្រះរាជាណាចក្រកម្ពុជា និងកងទ័ពភូមិភាគទី២ នៃព្រះរាជាណាចក្រថៃ។
ជាលទ្ធផល ភាគីទាំងពីរបានឯកភាពគ្នា ក្នុងការបង្កើនការប្រាស្រ័យទាក់ទងជាមួយគ្នាទោះដោយការជួបផ្ទាល់ ឬតាមប្រព័ន្ធទំនាក់ទំនង ក្នុងន័យកសាងទំនុកចិត្តជាមួយគ្នាឱ្យកាន់តែប្រសើរឡើង។
គួររំលឹកផងដែរថា កិច្ចប្រជុំនេះ គឺបានកើតចេញពីលទ្ធផលនៃកិច្ចប្រជុំពិសេស កាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ នៅប្រទេសម៉ាឡេស៊ី ដែលសម្រេចឱ្យបាននូវបទឈប់បាញ់រវាងកម្ពុជា-ថៃ ដែលភាគីទាំងពីរបញ្ជាក់សាជាថ្មីអំពីការបន្តអនុវត្តយ៉ាងម៉ឺងម៉ាត់នូវលទ្ធផលនៃកិច្ចប្រជុំពិសេសនេះឱ្យបានពេញលេញ និងប្រកបដោយប្រសិទ្ធភាព ក៏ដូចជាការបន្តកិច្ចខិតខំប្រឹងប្រែងកាត់បន្ថយភាពតានតឹងតាមបណ្តោយព្រំដែន ព្រមទាំងស្វែងរកកិច្ចសហប្រតិបត្តិការជាក់ស្តែងសំដៅលើកកម្ពស់សន្តិភាព និងស្ថិរភាពរវាងប្រទេសទាំងពីរ និងឈានដល់ការវិលត្រឡប់ទៅរកប្រក្រតីភាពឡើងវិញបានឆាប់រហ័ស៕