ប្រធានាធិបតីសហរដ្ឋអាមេរិក លោក Donald Trump កាលពីថ្ងៃសុក្រ ទី១៧ ខែតុលា បានចុះហត្ថលេខាលើក្រឹត្យបន្ថែមឥណទានសម្រាប់ការផលិតរថយន្តនិងម៉ាស៊ីននៅសហរដ្ឋអាមេរិក និងកំណត់ការដំឡើងពន្ធថ្មី២៥% លើរថយន្តដឹកទំនិញធុនធ្ងន់និងមធ្យមដែលនាំចូលនិងគ្រឿងបន្លាស់ ចាប់ពីថ្ងៃទី១ ខែវិច្ឆិកា។
ការដំឡើងពន្ធ ដែលក្រឹត្យនិយាយថា ត្រូវបានធ្វើឡើងដោយផ្អែកលើមូលដ្ឋានសន្តិសុខជាតិ គឺសំដៅផ្លាស់ប្តូរការផលិតរថយន្តបន្ថែមទៀតទៅកាន់សហរដ្ឋអាមេរិក ប៉ុន្តែអាចជាផលប៉ះពាល់ធ្ងន់ធ្ងរដល់ប្រទេសម៉ិកស៊ិក ជាអ្នកនាំចេញរថយន្តដឹកទំនិញធុនមធ្យមនិងធុនធ្ងន់ច្រើនបំផុតទៅកាន់សហរដ្ឋអាមេរិក។

លោក Trump ក៏កំពុងកំណត់ការដំឡើងពន្ធ១០% លើរថយន្តក្រុងនាំចូលផងដែរ។ ក្រឹត្យរបស់លោក Trump ធ្វើឱ្យក្រុមហ៊ុនផលិតរថយន្តមានសិទ្ធិទទួលបានឥណទានស្មើនឹង៣,៧៥% នៃតម្លៃលក់រាយដែលបានស្នើឡើងសម្រាប់រថយន្តដែលបានដំឡើងនៅសហរដ្ឋអាមេរិករហូតដល់ឆ្នាំ២០៣០ ដើម្បីទូទាត់ពន្ធនាំចូលលើគ្រឿងបន្លាស់។ លោកក៏នឹងបន្ថែមឥណទាន ៣,៧៥% សម្រាប់ការផលិតម៉ាស៊ីននៅសហរដ្ឋអាមេរិក និងសម្រាប់ការផលិតរថយន្តដឹកទំនិញធុនធ្ងន់ និងមធ្យមនៅសហរដ្ឋអាមេរិកផងដែរ។ សភាពាណិជ្ជកម្មអាមេរិកកាលពីពេលមុន បានជំរុញឱ្យលោក Trump កុំដាក់ការដំឡើងពន្ធថ្មីលើរថយន្តដឹកទំនិញ ដោយលើកឡើងប្រភពនាំចូលកំពូលៗទាំងប្រាំ មានប្រទេសម៉ិកស៊ិក កាណាដា ជប៉ុន អាល្លឺម៉ង់ និងប្រទេសហ្វាំងឡង់ ដែល «សុទ្ធតែជាសម្ព័ន្ធមិត្ត ឬដៃគូជិតស្និទ្ធរបស់សហរដ្ឋអាមេរិក មិនគំរាមកំហែងដល់សន្តិសុខជាតិរបស់សហរដ្ឋអាមេរិកនោះទេ» ។
