ក្រុមសកម្មប្រយុទ្ធហាម៉ាស បានច្រានចោលសេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេសសហរដ្ឋអាមេរិក ដែលនិយាយថាខ្លួនមាន "របាយការណ៍គួរឱ្យទុកចិត្ត" បង្ហាញថាក្រុមប៉ាឡេស្ទីននេះនឹងបំពានកិច្ចព្រមព្រៀងបទឈប់បាញ់ជាមួយអ៊ីស្រាអែល។
ក្នុងសេចក្តីថ្លែងការណ៍មួយថ្ងៃអាទិត្យ (១៩ តុលា) នេះ ក្រុមហាម៉ាស បាននិយាយថា ការចោទប្រកាន់របស់សហរដ្ឋអាមេរិក គឺមិនពិតនោះទេ ហើយ "ស្របទៅនឹងការឃោសនាបែបបំភាន់របស់អ៊ីស្រាអែល និងជួយបិទបាំងឧក្រិដ្ឋកម្ម និងអំពើឈ្លានពានដែលរៀបចំទុក" ប្រឆាំងនឹងប៉ាឡេស្ទីននៅហ្កាហ្សា។

កាលពីថ្ងៃសៅរ៍ ក្រសួងការបរទេសអាមេរិកបានអះអាងថា ក្រុមហាម៉ាសកំពុងរៀបចំផែនការវាយប្រហារលើជនស៊ីវិលនៅតំបន់ហ្កាហ្សា ដែលជាការ “បំពានបទឈប់បាញ់” ហើយបានអំពាវនាវឱ្យប្រទេសសម្របសម្រួលទាមទារឱ្យក្រុមនេះរក្សាកាតព្វកិច្ចរបស់ខ្លួន ក្រោមកិច្ចព្រមព្រៀងសន្តិភាពដែលគាំទ្រដោយសហរដ្ឋអាមេរិក។
សហរដ្ឋអាមេរិកបានព្រមានថា "ប្រសិនបើក្រុមហាម៉ាសបន្តទៅមុខជាមួយនឹងការវាយប្រហារនេះ វិធានការនានានឹងត្រូវធ្វើឡើងដើម្បីការពារប្រជាជនហ្កាហ្សា និងរក្សាបូរណភាពនៃបទឈប់បាញ់" ដោយមិនបានផ្តល់ព័ត៌មានលម្អិតជាក់លាក់ឡើយ។
ក្រុមហាម៉ាសបាននិយាយអះអាងថា កងកម្លាំងនគរបាលរបស់ខ្លួនដែលបង្ហាញមុខឡើងវិញតាមដងផ្លូវនៅក្នុងតំបន់ហ្កាហ្សា កំពុងតែបំពេញកាតព្វកិច្ចពួកគេប៉ុណ្ណោះ ក្នុងការតាមចាប់ក្រុមជនអន្ធពាល ការពារពលរដ្ឋ និងរក្សាទ្រព្យសម្បត្តិសាធារណៈ និងឯកជន៕
