ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskyy កាលពីថ្ងៃអាទិត្យ ១៩ តុលា បានជំរុញឱ្យសម្ព័ន្ធមិត្តប្រឆាំងនឹងការផ្គាប់ចិត្តរុស្ស៊ីនៅក្នុងសេចក្តីថ្លែងការណ៍មួយបន្ទាប់ពីលោកបានវិលត្រឡប់ពីដំណើរទៅកាន់សហរដ្ឋអាមេរិកជាទីដែលលោកបានបរាជ័យក្នុងការទទួលបានការផ្គត់ផ្គង់មីស៊ីលតម្រង់គោលដៅ Tomahawk រយៈចម្ងាយឆ្ងាយ។

លោក Zelenskyy បានទៅកាន់ទីក្រុងវ៉ាស៊ីនតោន បន្ទាប់ពីការអំពាវនាវជាច្រើនសប្តាហ៍សម្រាប់ មីស៊ីលTomahawks ដោយសង្ឃឹមថានឹងទាញយកប្រយោជន៍ពីការកើនឡើងនៃការខកចិត្តរបស់លោកប្រធានាធិបតីអាមេរិក Donald Trump ចំពោះសមភាគីរុស្ស៊ីលោក Vladimir Putin បន្ទាប់ពីកិច្ចប្រជុំកំពូលនៅរដ្ឋ អាឡាស្កា បរាជ័យក្នុងការបង្កើតរបកគំហើញសម្រាប់ការបញ្ចប់សង្គ្រាមអ៊ុយក្រែន។
ប៉ុន្តែមេដឹកនាំអ៊ុយក្រែនរូបនេះ បានចាកចេញដោយដៃទទេ ខណៈលោក Trump សម្លឹងមើលរបកគំហើញផ្នែកការទូតថ្មីមួយជុំវិញកិច្ចព្រមព្រៀងសន្តិភាពតំបន់ហ្កាហ្សាកាលពីសប្តាហ៍មុន។
លោក Zelenskyy បានសរសេរនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមពេលត្រឡប់មកវិញពីទីក្រុងវ៉ាស៊ីនតោនថា អ៊ុយក្រែននឹងមិនផ្តល់រង្វាន់ដល់ក្រុមភេរវករសម្រាប់ឧក្រិដ្ឋកម្មរបស់ពួកគេទេ ហើយពួកលោកពឹងផ្អែកលើដៃគូរបស់ខ្លួនដើម្បីរក្សាគោលជំហរដ៏មុតមាំនេះ។
លោកបានអំពាវនាវ ឲ្យមានការបង្កើនការសម្រេចចិត្តពីសម្ព័ន្ធមិត្តអឺរ៉ុប និងអាមេរិក ដោយបន្ថែមថា វាដល់ពេលហើយសម្រាប់កិច្ចប្រជុំមួយផ្សេងទៀតរវាងសម្ព័ន្ធនៃឆន្ទៈដែលដឹកនាំដោយសហភាពអឺរ៉ុប៕

