បណ្ដាមេដឹកនាំអ៊ឺរ៉ុប រួមទាំងចក្រភពអង់គ្លេស មានទំនុកចិត្តកាន់តែខ្លាំងឡើងចំពោះសំណើឥណទានឱ្យអ៊ុយក្រែន ចំនួន ១៤០ពាន់លានអឺរ៉ូ — ដែលយកពីទ្រព្យសម្បត្តិបង្កកនៅលោកខាងលិចរបស់ធនាគារកណ្តាលរុស្ស៊ី — ថាអាចត្រូវបានយល់ព្រមនៅចុងឆ្នាំ២០២៥នេះ នៅក្នុងជំហានមួយដែលចាត់ទុកថាមានសារៈសំខាន់ខ្លាំងសម្រាប់ទីក្រុងគីវ ដើម្បីរក្សាកិច្ចខិតខំប្រឹងប្រែងការពាររបស់ខ្លួន។

សំណើរបស់គណៈកម្មការអឺរ៉ុប ត្រូវបានពិភាក្សានៅក្នុងកិច្ចប្រជុំនៃរដ្ឋមន្ត្រីហិរញ្ញវត្ថុ G7 នៅទីក្រុងវ៉ាស៊ីនតោន កាលពីសប្តាហ៍មុន ហើយនឹងត្រូវលើកយកទៅពិភាក្សានៅក្នុងកិច្ចប្រជុំកំពូលមេដឹកនាំសហភាពអឺរ៉ុបនៅថ្ងៃព្រហស្បតិ៍ (២៣ តុលា) សប្ដាហ៍នេះ នៅទីក្រុងព្រុចស៊ែល ខណៈការចូលរួមរបស់សហរដ្ឋអាមេរិក នៅតែមិនប្រាកដប្រជា។
លោក Radosław Sikorski រដ្ឋមន្ត្រីការបរទេសរបស់ប៉ូឡូញ បាននិយាយកាលពីសប្តាហ៍មុនថា លោកជឿជាក់ថា "ការប្រើប្រាស់ទ្រព្យសម្បត្តិរបស់រុស្ស៊ីដែលបានបង្កក ក្នុងនាមជាជនរងគ្រោះនៃសង្រ្គាម កំពុងឆ្ពោះទៅរកដំណោះស្រាយដ៏រីករាយ"។ លោកបន្តទៀតថា កិច្ចព្រមព្រៀងមួយអាចនឹងសម្រេចបាននៅចុងឆ្នាំនេះ។
នៅក្រោមផែនការ — គូសវាសក្នុងឯកសារ ២ទំព័រដោយគណៈកម្មការអឺរ៉ុបកាលពីខែមុន — សហភាពអឺរ៉ុប នឹងផ្តល់កម្ចីគ្មានការប្រាក់ចំនួន ១៤០ពាន់លានអឺរ៉ូ ដល់អ៊ុយក្រែន ផ្អែកលើទ្រព្យបង្កករបស់រុស្ស៊ី ដែលកំពុងទុកនៅឃ្លាំងហិរញ្ញវត្ថុអឺរ៉ុប យូរ៉ូឃ្លៀ (Euroclear)។ យ៉ាងណាក៏ដោយ ក្រុមមេធាវីនៅទីស្តីការគណៈរដ្ឋមន្ត្រី ដែលតំណាងឱ្យរដ្ឋជាសមាជិក EU នៅតែសង្ស័យពីភាពស្របច្បាប់នៃជំហាននេះ៕

