បេសកជនជាន់ខ្ពស់របស់សហរដ្ឋអាមេរិក ប្រចាំតំបន់មជ្ឈិមបូព៌ាដែលមានជម្លោះ បានទៅដល់ប្រទេសអ៊ីស្រាអែលហើយ នៅថ្ងៃចន្ទ (ទី២០ ខែតុលា) នេះ ដើម្បីពិនិត្យមើលវឌ្ឍនភាពលើផែនការ នៅតំបន់ហ្កាហ្សា បន្ទាប់ពីអំពើហិង្សាកាលពីចុងសប្តាហ៍ បានគំរាមធ្វើឲ្យប៉ះពាល់ដល់បទឈប់បាញ់ដែលទទួលបានយ៉ាងលំបាក។
ជាមួយគ្នានេះ មន្ត្រីសន្តិសុខ និងប្រភពពីស្ថាប័នមនុស្សធម៌ បានឲ្យដឹងថា អ៊ីស្រាអែលបានបើកឡើងវិញហើយនូវច្រកព្រំដែន Kerem Shalom ចូលទៅកាន់តំបន់ហ្កាហ្សា សម្រាប់ប្រតិបត្តិការបញ្ជូនជំនួយ បន្ទាប់ពីវាត្រូវបានបិទរយៈពេលខ្លី កាលពីថ្ងៃអាទិត្យ ក្រោយមានការសម្លាប់ទាហានអ៊ីស្រាអែល ២នាក់។
ជាការឆ្លើយតបទៅនឹងការសម្លាប់នោះ អ៊ីស្រាអែលបានបើកការវាយប្រហាររាប់សិបលើក ដោយដាក់គោលសំដៅលើក្រុមហាម៉ាស នៅទូទាំងតំបន់ហ្កាហ្សា ដោយចោទប្រកាន់ក្រុមសកម្មប្រយុទ្ធមួយនេះថា បាន «បំពានយ៉ាងធ្ងន់ធ្ងរ» លើបទឈប់បាញ់។

ប៉ុន្តែយ៉ាងណាក្ដី ភាគីទាំង២ បានទទូចថា ខ្លួននៅតែប្តេជ្ញាចិត្ត ចំពោះបទឈប់បាញ់ ហើយប្រធានាធិបតីអាមេរិកលោក Donald Trump ដែលបានជួយសម្របសម្រួលឲ្យមានកិច្ចព្រមព្រៀងនេះ បានប្រាប់អ្នកសារព័ត៌មាននៅទីក្រុងវ៉ាស៊ីនតោនថា តាមការយល់ឃើញរបស់លោក លោកជឿជាក់ថា វានៅតែមានធរមាន។
អ្នកនាំពាក្យស្ថានទូតអាមេរិក បានបញ្ជាក់ប្រាប់សារព័ត៌មានមួយថា បេសកជនពិសេសរបស់លោក Trump គឺលោក Steve Witkoff និងទីប្រឹក្សាដែលជាកូនប្រសាររបស់លោក គឺលោក Jared Kushner បានធ្វើដំណើរទៅដល់ប្រទេសអ៊ីស្រាអែលហើយ នៅថ្ងៃចន្ទនេះ ដើម្បីពិភាក្សាបន្ថែមអំពីផែនការនេះ៕


