ប្រធានាធិបតីចិន លោក Xi Jinping (ស៊ី ជីនពីង) បានថ្លែងសុន្ទរកថាកាលពីថ្ងៃចន្ទ (២០ តុលា) នៅថ្ងៃបើកកិច្ចប្រជុំដ៏សំខាន់មួយរយៈពេល ៤ថ្ងៃ របស់បក្សកុម្មុយនិស្តចិន ដែលកំពុងកាន់អំណាច ដើម្បីអនុម័តសេចក្តីព្រាងផែនការរយៈពេល ៥ឆ្នាំខាងមុខ ដោយដាក់ចេញនូវគោលដៅរបស់ប្រទេសនេះ។
អត្ថបទខ្លីមួយពីទីភ្នាក់ងារព័ត៌មានស៊ីនហួផ្លូវការរបស់ចិន បាននិយាយថា លោក Xi "បានពន្យល់បកស្រាយយ៉ាងក្បោះក្បាយពីសេចក្តីព្រាងនៃសំណើរបស់ថ្នាក់ដឹកនាំបក្ស" ក្នុងផែនការ ៥ឆ្នាំបន្ទាប់ សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមជាតិ ដែលនឹងគ្របដណ្តប់ឆ្នាំ២០២៦-២០៣០ ប៉ុន្តែមិនផ្តល់ខ្លឹមសារលម្អិតនោះទេ។
សេចក្ដីរាយការណ៍បន្តថា ផែនការនេះគួរតែផ្តោតលើការអភិវឌ្ឍ "គុណភាពខ្ពស់" និងនវានុវត្តន៍បច្ចេកវិទ្យា ហើយក៏នឹងការធានាសន្តិសុខជាតិ ព្រមទាំងអត្ថប្រយោជន៍នៃកំណើនសេដ្ឋកិច្ច ដែលត្រូវពង្រីកដោយស្មើភាព និងទូលំទូលាយជាងមុន។
ក្រុមអ្នកវិភាគ និងវិនិយោគិនកំពុងចាំមើលជំនួបនេះដើម្បីស្វែងរកតម្រុយអំពីថា តើផែនការនេះនឹងធ្វើឱ្យមានតុល្យភាពផលប្រយោជន៍សេដ្ឋកិច្ច និងសន្តិសុខបែបណាខ្លះ ហើយថា តើកម្រិតណាដែលផែនការនេះអាចផ្លាស់ប្តូររចនាសម្ព័ន្ធក្នុងប្រទេសចិន ដើម្បីបង្កើនការចំណាយរបស់អ្នកប្រើប្រាស់ និងគ្រប់គ្រងសង្គមវ័យចំណាស់របស់ខ្លួន។
គួរឱ្យដឹងថា សេចក្តីព្រាងនៃផែនការ ៥ឆ្នាំនោះនឹងត្រូវអនុម័តក្នុងកិច្ចប្រជុំបក្សនេះ ប៉ុន្តែសេចក្ដីលម្អិតពេញលេញ ទំនងជានឹងមិនត្រូវចេញផ្សាយទេ រហូតដល់ការអនុម័តផ្លូវការក្នុងកិច្ចប្រជុំប្រចាំឆ្នាំបន្ទាប់របស់សភា ដែលរំពឹងទុកនៅក្នុងខែមីនា ឆ្នាំក្រោយ៕