សារព័ត៌មាន CNN បានរាយការណ៍កាលពីថ្ងៃចន្ទ (២០ តុលា) ថា ក្តីសង្ឃឹមរបស់លោកប្រធានាធិបតីអាមេរិក Donald Trump សម្រាប់កិច្ចប្រជុំកំពូលដ៏ឆាប់រហ័សនៅទីក្រុងប៊ុយដាប៉ែស ប្រទេសហុងគ្រី ជាមួយលោកប្រធានាធិបតីរុស្ស៊ី Vladimir Putin កំពុងតែជាប់គាំង បន្ទាប់ពីកិច្ចប្រជុំរៀបចំផែនការនៃជំនួបរវាងក្រុមមន្រ្តីការបរទេស និងនយោបាយជាន់ខ្ពស់នៃភាគីទាំងពីរនៅសប្តាហ៍នេះ ត្រូវបានផ្អាក។

ដោយសម្អាងដល់ប្រភពដែលដឹងពីបញ្ហានេះ CNN បាននិយាយថា ហេតុផលនៃការពន្យារពេលជំនួបរវាងរដ្ឋមន្ត្រីការបរទេសអាមេរិក លោក Marco Rubio និងរដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergei Lavrov នៅមិនទាន់ច្បាស់ទេ។ CNN រាយការណ៍ទៀតថា លោក Rubio និងលោក Lavrov អាចសន្ទនាតាមទូរសព្ទម្តងទៀតនៅសប្តាហ៍នេះ បន្ទាប់ពីកិច្ចសន្ទនាមួយកាលពីថ្ងៃចន្ទកន្លងទៅ ដែលទីក្រុងមូស្គូហៅថា "មានលក្ខណៈស្ថាបនា"។
កិច្ចប្រជុំដែលរំពឹងទុករវាងលោក Rubio និងលោក Lavrov ត្រូវចាត់ទុកថាជាជំហានត្រៀមរៀបចំដ៏សំខាន់បំផុត សម្រាប់កិច្ចប្រជុំកំពូលលើកទីពីរនៅឆ្នាំនេះរវាងលោក Trump និងលោក Putin ។ គួរឱ្យដឹងថា មេដឹកនាំទាំងពីរព្រមព្រៀងគ្នាក្នុងកិច្ចសន្ទនាទូរសព្ទមួយកាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍មុន ថានឹងជួបទល់មុខគ្នាក្នុងពេលឆាប់ៗនៅទីក្រុងប៊ុយដាប៉ែស ប្រទេសហុងគ្រី។
រុស្ស៊ី ដែលបើកប្រតិបត្តិការយោធាលើអ៊ុយក្រែន ក្នុងខែកុម្ភៈ ឆ្នាំ២០២២ បាននិយាយថា ខ្លួនចង់ឱ្យកិច្ចប្រជុំកំពូលនេះលើកយកដំណោះស្រាយសន្តិភាពដែលអាចកើតមាននៅអ៊ុយក្រែន និងវិធីដើម្បីកែលម្អទំនាក់ទំនងទ្វេភាគីរវាងទីក្រុងមូស្គូ និងទីក្រុងវ៉ាស៊ីនតោន ជាប្រធានបទពិភាក្សា៕

