យោងតាមអាជ្ញាធរបានឱ្យដឹងថា ការផ្ទុះរថយន្តដឹកប្រេងមួយគ្រឿងបានធ្វើឱ្យកក្រើកភូមិ Ezza នៃប្រទេសនីហ្សេរីយ៉ា ក្នុងតំបន់រដ្ឋាភិបាល Katcha កាលពីថ្ងៃអង្គារ (២១ តុលា) ដែលបណ្តាលឱ្យមនុស្សយ៉ាងហោចណាស់ ៣៨នាក់ បានស្លាប់ និងរាប់សិបនាក់ទៀតរងរបួស។

ដោយឡែក ទីភ្នាក់ងារសុវត្ថិភាពផ្លូវសហព័ន្ធបានដាក់តួលេខអ្នកស្លាប់នៅចំនួន ៣៥នាក់ ដោយនិយាយថា រថយន្តដឹកប្រេងមួយគ្រឿងនោះបានក្រឡាប់ រួចក៏ផ្ទុះ ក្នុងរដ្ឋ Niger ភាគខាងជើងនីហ្សេរីយ៉ា។ សាក្សីនៅទីនោះបានប្រាប់ប្រព័ន្ធផ្សព្វផ្សាយថា អ្នកស្រុកបានប្រញាប់ប្រញាល់រត់ទៅត្រងយកប្រេងដែលធ្លាយចេញពីរថយន្ត ហើយមួយសន្ទុះក្រោយមក រថយន្តក៏បានផ្ទុះ។
លោក Farouk Mohammed Kawo ប្រធានក្រុមអ្នកបើកបររថយន្តដឹកប្រេង ប្រចាំរដ្ឋ Niger បានប្រាប់អ្នកយកព័ត៌មានថា "ជនរងគ្រោះភាគច្រើនគឺជាអ្នកទៅត្រងយកសាំង មុនពេលការផ្ទុះកើតឡើង"។
គួរឱ្យដឹងថា ឧប្បត្តិហេតុបែបនេះជារឿងធម្មតាទៅហើយនៅនីហ្សេរីយ៉ា ដែលមានប្រជាជនច្រើនជាងគេនៅទ្វីបអាហ្រ្វិក និងជាទីដែលផលិតផលប្រេងត្រូវដឹកជញ្ជូនតាមផ្លូវគោក ដោយសារហេដ្ឋារចនាសម្ព័ន្ធបំពង់បង្ហូរប្រេងមានកម្រិត។ ផ្លូវថ្នល់ដែលថែទាំមិនបានល្អ និងពោរពេញដោយរណ្ដៅធំៗ បានរួមចំណែកដល់គ្រោះថ្នាក់ជាញឹកញាប់ ដែលឆក់យកជីវិតមនុស្សរាប់សិបនាក់ជារៀងរាល់ឆ្នាំ៕

