ទីប្រឹក្សាសន្តិសុខជាតិអ៊ីស្រាអែល លោក Tzachi Hanegbi និយាយថា លោកត្រូវបាន លោក Benjamin Netanyahu បណ្តេញចេញ ខណៈការិយាល័យនាយករដ្ឋមន្រ្តីអ៊ីស្រាអែលនិយាយថា លោក Gil Reich នឹងត្រូវបានតែងតាំងជាប្រធានស្តីទីនៃក្រុមប្រឹក្សាសន្តិសុខជាតិ(NSC) ។

លោក Hanegbi បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍កាលពីល្ងាចថ្ងៃអង្គារថា «នាយករដ្ឋមន្ត្រី លោក Netanyahu បានផ្តល់ព័ត៌មានដល់ខ្ញុំអំពីបំណងរបស់លោកក្នុងការតែងតាំងប្រធានក្រុមប្រឹក្សាសន្តិសុខជាតិថ្មី»។ «ដោយឃើញដូច្នេះ អាណត្តិរបស់ខ្ញុំជាទីប្រឹក្សាសន្តិសុខជាតិ និងជាប្រធានក្រុមប្រឹក្សាសន្តិសុខជាតិ ត្រូវបញ្ចប់នៅថ្ងៃនេះ»។
ក្រោយមក ការិយាល័យនាយករដ្ឋមន្ត្រីបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា លោក Netanyahu នឹងតែងតាំងអនុប្រធានក្រុមប្រឹក្សាសន្តិសុខជាតិ លោក Gil Reich ជាប្រធានក្រុមប្រឹក្សាស្តីទី។

សេចក្តីថ្លែងការណ៍បាននិយាយបន្ថែមថា «នាយករដ្ឋមន្ត្រី លោក Benjamin Netanyahu បានអរគុណ លោក Tzachi Hanegbi សម្រាប់តួនាទីរបស់លោកជាប្រធានក្រុមប្រឹក្សាសន្តិសុខជាតិរយៈពេល៣ឆ្នាំកន្លងទៅនេះ»។
ការចាកចេញរបស់ លោក Hanegbi ត្រូវបានគេរំពឹងទុកយ៉ាងទូលំទូលាយ ក្នុងពេលច្រើនសប្តាហ៍នៃការរំពឹងទុកក្នុងប្រទេសអ៊ីស្រាអែល ជុំវិញការខ្វែងគំនិតគ្នាកាន់តែខ្លាំងឡើងរវាងមន្ត្រីចំពោះសង្គ្រាមរបបស់អ៊ីស្រាអែលនៅតំបន់ហ្កាហ្សា។
ប្រព័ន្ធផ្សព្វផ្សាយរបស់អ៊ីស្រាអែលបានរាយការណ៍ថា មានភាពតានតឹងជាយូរមកហើយជុំវិញការប្រឆាំងរបស់លោក Hanegbi ចំពោះការចូលកាន់កាប់ពេញលេញរបស់យោធានៅទីក្រុងហ្កាហ្សា និងការគាំទ្ររបស់លោកសម្រាប់ការបន្តកិច្ចព្រមព្រៀងមួយផ្នែកជាមួយក្រុមហាម៉ាស។