កូដកម្មចូលរួមដោយអ្នកតវ៉ារាប់ម៉ឺននាក់ បានធ្វើឱ្យទីក្រុងហ្គេប ស៍(Gabes) ភាគខាងត្បូងប្រទេសទុយនីស៊ី ជាប់គាំង ខណៈកំហឹងកាន់តែខ្លាំងឡើងចំពោះរោងចក្រគីមីគ្រប់គ្រងដោយរដ្ឋ ដែលប្រជាជនបន្ទោសលើវិបត្តិបំពុលបរិយាកាស។
ហាងនានា ទីផ្សារ សាលារៀន និងហាងកាហ្វេ បានបិទដោយសារការធ្វើកូដកម្មនៅទូតាំងទីក្រុង ដោយបញ្ឈប់សកម្មភាពសេដ្ឋកិច្ចនៅទីក្រុងឆ្នេរ Gabes កាលពីថ្ងៃអង្គារ ក្នុងការឆ្លើយតបទៅនឹងការអំពាវនាវរបស់សហជីពកម្មករ UGTT ដ៏មានឥទ្ធិពល។

ហ្វូងមនុស្ស បានលើកបដារិះគន់ការបំពុលបរិស្ថានបង្កឡើងដោយរោងចក្រហ្វូសហ្វាត CGT ជាច្រើនឆ្នាំ មកហើយ ហើយក្រុមអ្នករិះគន់បាននិយាយថាបច្ចុប្បន្ននេះបានគំរាមកំហែងដល់សុខភាពអ្នកស្រុករាប់ពាន់នាក់។
ក្រុមអ្នកតវ៉ាបានចេញធ្វើបាតុកម្មនៅទីក្រុងដោយស្រែកពាក្យស្លោកដូចជា «ទីក្រុង Gabes ចង់នៅរស់រវើក» និងពាក្យថា «រុះរើរោងចក្របំពុលបរិស្ថាន»។ លោក Saoussen Nouisser អ្នកតំណាងក្នុងស្រុករបស់សហជីពកម្មករ UGTT បាននិយាយថា «អ្វីៗទាំងអស់ត្រូវបានបិទនៅក្នុងទីក្រុង Gabes»។ «យើងទាំងអស់គ្នាមានកំហឹងចំពោះស្ថានភាពបរិស្ថានដ៏មហន្តរាយនៅក្នុងទីក្រុងរបស់យើង»។

ទីក្រុង Gabes ជាទីលំនៅរបស់មនុស្សជិត៤០០.០០០នាក់ បានមើលឃើញមនុស្សរាប់ពាន់នាក់ចេញធ្វើបាតុកម្មក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះ ដោយទាមទារឱ្យបិទរោងចក្រជាបន្ទាន់។ ភាពវឹកវរបានកើនឡើងទៅជាការសាកល្បងធំបំផុតមួយដែលលោកប្រធានាធិបតី Kais Saied កំពុងប្រឈមមុខ ចាប់តាំងពីលោកបានក្តោបក្តាប់អំណាចលើសលប់ក្នុងឆ្នាំ២០២១។
លោក Saied បានចាត់ទុកស្ថានភាពនេះថាជា «ការវាយតម្លៃផ្នែកបរិស្ថាន» ខណៈបានស្តីបន្ទោសរដ្ឋបាលមុនចំពោះការរាលដាលជំងឺមហារីក ជំងឺផ្លូវដង្ហើម និងការបំផ្លាញប្រព័ន្ធអេកូឡូស៊ីក្នុងស្រុក។