ឥស្សរជននយោបាយសហរដ្ឋអាមេរិក បានសាទរនាយករដ្ឋមន្ត្រីជប៉ុន លោកស្រី Takaichi Sanae ចំពោះជ័យជម្នះរបស់លោកស្រីកាលពីថ្ងៃអង្គារ។ ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំប្រទេសជប៉ុន លោក George Glass និយាយថា ទំនាក់ទំនងរបស់ប្រទេសទាំងពីរនឹង «ឈានដល់កម្រិតខ្ពស់ថ្មី» ក្រោមការដឹកនាំរបស់ លោកស្រី Takaichi និងប្រធានាធិបតីសហរដ្ឋអាមេរិក លោក Donald Trump ។
សមាជិកព្រឹទ្ធសភាគណបក្សសាធារណរដ្ឋ លោក Bill Hagerty មកពីរដ្ឋ Tennessee បាននិយាយថា លោកជឿជាក់ថាលោកស្រីនឹងចុះសម្រុងគ្នាជាមួយលោក Trump នោះគឺដោយសារតែលោកស្រីជាមនុស្សជំនិតរបស់អតីតនាយករដ្ឋមន្ត្រី លោក Shinzo Abe ដែលស្និទ្ធនឹងលោក Trump។
លោកស្រី Takaichi បានចុះកម្មសិក្សានៅសភាអាមេរិកនៅចុងទសវត្សរ៍ឆ្នាំ១៩៨០។ លោកស្រីបានធ្វើការឱ្យសភាតំណាងរាស្ត្រគណបក្សប្រជាធិបតេយ្យ លោកស្រី Patricia Schroeder ជាស្ត្រីដំបូងគេដែលតំណាងឱ្យរដ្ឋ Colorado ។ លោក Kip Cheroutes គឺជានាយកផ្នែកទំនាក់ទំនងនៅទីក្រុង Denver នៅពេលនោះ លោកចងចាំ លោកស្រី Takaichi ដោយបានតាមសង្កេតយ៉ាងដិតដល់ពីរបៀបដែលស្ត្រីបម្រើការងារក្នុងឆាកនយោបាយ ខណៈលោកស្រី Takaichi ហាក់ដូចជាស្រមៃពីអនាគតផ្ទាល់ខ្លួន។

