នគរបាលអ៊ូហ្គង់ដា បាននិយាយកាលពីថ្ងៃពុធ (២២ តុលា) ថា គ្រោះថ្នាក់ចរាចរណ៍ទ្រង់ទ្រាយធំរវាងរថយន្តក្រុង ២គ្រឿង នៅលើផ្លូវហាយវេដ៏មមាញឹកបំផុតរបស់ប្រទេសនេះ បានសម្លាប់មនុស្សចំនួន ៤៦នាក់ ដោយជាការកែប្រែតួលេខអ្នកស្លាប់ ៦៣នាក់ ដែលបានប្រកាសពីមុន។ គ្រោះថ្នាក់នេះបានកើតឡើងបន្ទាប់ពីពាក់កណ្តាលអធ្រាត្រ លើផ្លូវហាយវេរវាងរដ្ឋធានីកំប៉ាឡា និងទីក្រុង Gulu ភាគខាងជើង ហើយមនុស្សរាប់សិបនាក់បានរងរបួស។

តាមការស៊ើបអង្កេតបឋមបានឱ្យដឹងថា គ្រោះថ្នាក់នេះគឺបណ្តាលមកពីរថយន្តក្រុង ២គ្រឿង បើកក្នុងទិសដៅបញ្ច្រាស់គ្នា ដែលព្យាយាមវ៉ាជែងរថយន្តផ្សេងទៀត រួមមានរថយន្តដឹកទំនិញ និងរថយន្តស្ព័រប្រភេទ SUV ក្រោយមក រថយន្តក្រុងទាំង ២គ្រឿងនោះ បានបុកគ្នាយ៉ាងពេញទំហឹង។
កងកម្លាំងនគរបាលអ៊ូហ្គង់ដា និយាយថា ពួកគេឱ្យចំនួនអ្នកស្លាប់ច្រឡំដល់ទៅ ៦៣នាក់នៅថ្ងៃនោះ ដោយសារជនរងគ្រោះមួយចំនួនសន្លប់បាត់ស្មារតីនៅកន្លែងកើតហេតុ ដែលមានន័យថា មន្រ្តីច្រឡំរាប់ពួកគេក្នុងតួលេខអ្នកស្លាប់ដំបូង។ ប្រធានាធិបតីអ៊ូហ្គង់ដា លោក Yoweri Museveni បានផ្ញើសាររំលែកទុក្ខដល់ជនរងគ្រោះ ខណៈកំពុងធ្វើយុទ្ធនាការបោះឆ្នោតសកលខែមករា នៅមិនឆ្ងាយប៉ុន្មានពីទីនោះ។
ផ្លូវហាយវេរវាងរដ្ឋធានីកំប៉ាឡា នៅភាគខាងត្បូង និងទីក្រុង Gulu ភាគខាងជើង គឺជាផ្លូវមួយដែលមមាញឹកបំផុតរបស់ប្រទេស។ ក្រោយកើតហេតុ នគរបាលបានដាស់តឿនអ្នកបើកបរឱ្យជៀសវាង «ការវ៉ាជែងដែលគ្រោះថ្នាក់ និងមិនប្រុងប្រយ័ត្ន»៕

