នាព្រឹកថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៥ ឯកឧត្ដម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ស្ពឺ បានអញ្ជើញជាអធិបតីក្នុងពិធីបំពាក់គ្រឿងឥស្សរិយយសការងារជូនបុគ្គលិកអប់រំ លោកគ្រូ អ្នកគ្រូ នៃខេត្តកំពង់ស្ពឺចំនួន ១៣១៤នាក់ នៅក្នុងបរិវេណសាលាខេត្តកំពង់ស្ពឺ។
ផ្អែកលើរបាយការណ៍របស់ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលនៃគណៈអភិបាលខេត្តកំពង់ស្ពឺ និងជាអនុប្រធានអចិន្ត្រៃយ៍នៃក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ស្ពឺ ឃើញថាខេត្តកំពង់ស្ពឺទាំងមូលមានការអភិវឌ្ឍស្ទើរគ្រប់វិស័យ ក្នុងនោះវិស័យអប់រំមានការរីកចម្រើនគួរឱ្យកត់សម្គាល់ ទាំងហេដ្ឋារចនាសម្ព័ន្ធសាធារណៈនិងឯកជន ព្រមទាំងលទ្ធផលសិក្សាដ៏ល្អរបស់សិស្សពីមួយឆ្នាំទៅមួយឆ្នាំ។
មានប្រសាសន៍សំណេះសំណាលទៅកាន់អង្គពិធី ឯកឧត្ដមឧបនាយករដ្ឋមន្ត្រី បានកោតសរសើរ ថ្លែងអំណរគុណ និងវាយតម្លៃខ្ពស់លើតួនាទីនិងការខិតខំយកចិត្តទុកដាក់ខ្ពស់របស់បុគ្គលិកអប់រំ គ្រូបង្រៀន ព្រមទាំងក្រសួងអប់រំ យុវជន និងកីឡា ដែលបានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចជាតិតាមរយៈការបណ្ដុះបណ្ដាលធនធានមនុស្ស និងការចូលរួមអនុវត្តតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល មិនថាតែក្នុងក្របខ័ណ្ឌខេត្តកំពង់ស្ពឺ ប៉ុន្តែក្នុងក្របខ័ណ្ឌទូទាំងប្រទេសផងដែរ។ ឯកឧត្ដមឧបនាយករដ្ឋមន្ត្រី បានមានប្រសាសន៍ថា ការអភិវឌ្ឍប្រទេសពិតជាត្រូវពឹងផ្អែកលើគ្រប់វិស័យទាំងអស់ ដែលយើងត្រូវធ្វើការស្រុះគ្នាតាមតួនាទីភារកិច្ចរៀងៗខ្លួន ទាំងនៅថ្នាក់ជាតិនិងថ្នាក់ក្រោមជាតិ៕









