បុរសម្នាក់មានកាំបិតក្នុងដៃ បានវាយប្រហារបុគ្គលិកពេទ្យ និងសាច់ញាតិអ្នកជំងឺភ្លាមៗ នៅមន្ទីរពេទ្យសម្ភព និងកុមារ Nghe An នៅភាគកណ្តាលនៃប្រទេសវៀតណាម នៅវេលាម៉ោង ១០ព្រឹក ថ្ងៃព្រហស្បតិ៍ (ទី២៣ ខែតុលា) ដោយបានបណ្តាលឲ្យមនុស្ស ៧នាក់យ៉ាងតិចរងរបួស ក្នុងនោះមានទាំងទារកទើបនឹងកើត ២នាក់ផងដែរ។
អ្នកវាយប្រហារ ឬខ្មាន់កាំបិត ដែលត្រូវបានគេស្គាល់ត្រឹមឈ្មោះ លោក V កើតនៅក្នុងឆ្នាំ១៩៩៦ និងមានដើមកំណើតនៅខេត្ត Bac Ninh ភាគខាងជើង ត្រូវបានគេរាយការណ៍ថា បានសម្រុកចូលទៅក្នុងសាលដាក់ទារកទើបនឹងកើត ហើយបានវាយទៅលើរាងកាយមនុស្សជាច្រើននាក់។ ប្រពន្ធរបស់ V បានផ្តល់កំណើតឲ្យកូនភ្លោះមិនគ្រប់ខែ ដែលកំពុងត្រូវបានព្យាបាលនៅក្នុងមន្ទីរសម្ភពនេះ។ កាលពីថ្ងៃទី២២ ខែតុលា ទារកម្នាក់ ក្នុងចំណោមកូនភ្លោះនោះ បានបង្ហាញសញ្ញាពីការឆ្លងជំងឺ ហើយត្រូវបានផ្ទេរទៅកាន់កន្លែងព្យាបាលសង្គ្រោះបន្ទាន់។
នៅព្រឹកបន្ទាប់ លោក V បានចូលភ្លាមៗទៅក្នុងបន្ទប់លេខ ៣០៥ នៃសាលដាក់ទារកទើបនឹងកើតនោះ វាយប្រហារសាច់ញាតិអ្នកជំងឺ និងគិលានុបដ្ឋាយិកា Nhung ហើយប៉ុនប៉ងបោះទារកដែលដេកលើគ្រែតែមួយជាមួយកូនរបស់លោកចេញតាមបង្អួច។ គិលានុបដ្ឋាយិកាម្នាក់ឈ្មោះ Hong បានប្រញាប់ប្រញាល់ចូលទៅជួយសង្គ្រោះទារក ប៉ុន្តែក៏ត្រូវបានចាក់ផងដែរ។ បន្ទាប់មក ជនល្មើស V បានវាយប្រហារប្រពន្ធរបស់លោក និងសាច់ញាតិអ្នកជំងឺ ២នាក់ផ្សេងទៀត ដែលគេចផុតពីការរងរបួសយ៉ាងប្រផុតប្រផើយ។
សន្តិសុខមន្ទីរពេទ្យ បានទៅដល់យ៉ាងរហ័ស និងបានបង្ក្រាបជនបង្កហេតុ ដោយដាក់នៅក្នុងបន្ទប់ចាក់សោ រង់ចាំរហូតនគរបាលទៅដល់។ ការវាយប្រហារនេះបានបង្ករបួសស្នាមដល់បុគ្គលិកពេទ្យ ៣នាក់ សាច់ញាតិអ្នកជំងឺ ២នាក់ និងទារកទើបកើត ២នាក់។
ថ្នាក់ដឹកនាំមន្ទីរសុខាភិបាលខេត្ត ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យនេះ ដើម្បីត្រួតពិនិត្យការឆ្លើយតបសង្គ្រោះបន្ទាន់ ជួយគាំទ្របុគ្គលិក និងធានាឲ្យសេវាវេជ្ជសាស្រ្តបន្តមានដោយគ្មានការរំខាន។ ឥឡូវនេះ មន្ទីរពេទ្យបានដំណើរការធម្មតាឡើងវិញហើយ៕