នៅថ្ងៃសុក្រនេះ ក្រុមគ្រូពេទ្យនៅក្នុងរដ្ឋធានីញូវដែល្លី ប្រទេសឥណ្ឌា បានបង្ហាញក្តីបារម្ភចំពោះកម្រិតកើនឡើងកង្វក់បរិយាកាស ក្រោយមើលឃើញការហក់ឡើងខ្ពស់ចំនួនអ្នកជំងឺចូលសង្រ្គោះបន្ទាន់ នៅក្នុងមន្ទីរពេទ្យ ។
នៅរដូវរងា ខ្យល់ធ្ងន់ទាក់ធូលីសំណង់ ការបំភាយឧស្ម័នរបស់រថយន្ត និងផ្សែងពីការដុតកាកសំណល់កសិកម្ម បណ្តាលឲ្យកើតមានផ្សែងអ័ព្ទក្រាស់ ។ ភាគច្រើននៃប្រជាពលរដ្ឋ ២០លាននាក់នៅក្នុងរដ្ឋធានីដែល្លី បានកើតមានជំងឺផ្លូវដង្ហើម ។

លោកវេជ្ជបណ្ឌិត Randeep Guleria គឺជាអតីតប្រធានវិទ្យាស្ថានវិទ្យាសាស្ត្រវេជ្ជសាស្ត្រឥណ្ឌា និយាយថា បច្ចុប្បន្នអ្វីដែលពួកយើងកំពុងជួប គឺកម្រិតខ្ពស់ ឬសន្ទស្សន៍គុណភាពខ្យល់មិនល្អ បង្កឲ្យមានផលប៉ះពាល់ធ្ងន់ធ្ងរ ហើយនៅពេលដែលពលរដ្ឋមានជំងឺបេះដូង ឬជំងឺសួត មនុស្សចាស់ កុមារតូចៗ ពួកយើងនឹងមើលឃើញការចុកទ្រូង ពិបាកដកដង្ហើម និងក្អក ។
ខណៈពេលនោះដែរ ប្រជាកសិករនៅរដ្ឋភាគខាងជើង Punjab ត្រូវបានគេមើលឃើញដុតកាកសំណល់កសិកម្មរបស់ពួកគេ ។
ទោះបីជាយ៉ាងណាក៏ដោយ កសិករមួយរូបនិយាយថា រោងចក្រច្រើនណាស់បង្កឲ្យមានផ្សែង ប៉ុន្តែពុំមានអ្នកណាសួរទៅរោងចក្រទាំងនោះថាតើ ពួកគេបង្កកង្វក់បរិស្ថានខ្លាំងបែបណា ។ អ្នករាល់គ្នាជាកសិករបែរជាមកទទួលខុសត្រូវចំពោះការបង្កើតផ្សែងបែបនេះទៅវិញ ។
រដ្ឋធានីដែល្លី ទំនងជាមិនធូរស្រាលនោះទេក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខនេះ ក្នុងនោះក្រសួងវិទ្យាសាស្រ្តផែនដី ព្យាករថា គុណភាពខ្យល់បន្តធ្លាក់ពីកម្រិតទាបខ្លាំងមកនៅកម្រិតទាបធម្មតា ៕

