
ភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជា ដោយមានក្រសួងបរិស្ថាន ក្រសួងអភិវឌ្ឍន៍ជនបទ និងមានការចូលរួមផ្ដល់ជាហិរញ្ញាប្បទានឥណទានពីធនាគារពិភពលោក ៥០, ៦៦លានដុល្លារ ថវិកាជាជំនួយពីមូលនិធិបរិស្ថានសាកលជាង ៤លានដុល្លារ និងថវិកាបដិភាគពីរាជរដ្ឋាភិបាល ២,៥លានដុល្លារ សរុប៥៧,៥៨លានដុល្លារ ដើម្បីវិនិយោគគោលដៅអេកូទេសចរណ៍ ក្នុងតំបន់ជួរភ្នំក្រវាញ និងបឹងទន្លេសាប។
គម្រោងវិនិយោគគោលដៅអេកូទេសចរណ៍តំបន់ជួរភ្នំក្រវាញ និងបឹងទន្លេសាបក្នុងទំហំទឹកប្រាក់ជាង ៥៧លានដុល្លារនេះ គឺមានរយៈពេល៦ឆ្នាំ ចាប់ពីឆ្នាំ២០២០ រហូតដល់ឆ្នាំ ២០២៥ ដោយគ្របដណ្ដប់ លើខេត្តគោលដៅចំនួន ៧ រួមមានខេត្តជុំវិញបឹងទន្លេសាបចំនួន ៥ ដូចជាខេត្តកំពង់ឆ្នាំង, ពោធិ៍សាត់, បាត់ដំបង, សៀមរាប, កំពង់ធំ និងខេត្តចំនួន២ផ្សេងទៀត គឺខេត្តកំពង់ស្ពឺ និងកោះកុង។ នេះជាការលើ កឡើងរបស់លោក ឃិន ម៉េងឃាង ប្រធាននាយកដ្ឋានទេសចរណ៍ធម្មជាតិ និងជាប្រធានគម្រោងនិរន្ត រភាពទេសភាព និងអេកូទេសចរណ៍កម្ពុជា។
ការលើកឡើងនេះធ្វើឡើងក្នុង សិក្ខាសាលានារសៀលថ្ងៃទី៨ ខែកុម្ភៈនេះ។ លោកបញ្ជាក់ថែមថា ខណៈពេលនេះគឺក្រសួងបរិស្ថានកំពុងកំណត់គោលដៅអទិភាពមួយចំនួនទាំងការរៀបចំការកំណត់តំបន់គ្រប់គ្រង ការរៀបចំដំឡើងប្រព័ន្ធព័ត៌មានគ្រប់គ្រង ការងារអនុផលព្រៃឈើ ការងារអេកូទេសចរណ៍ រួមទាំងការងារតភ្ជាប់ផ្លូវផងដែរ។
សម្រាប់គម្រោងទាំងមូលនេះ លោករំពឹងទុកថា នឹងធ្វើឱ្យការគ្រប់គ្រងទុនធម្មជាតិកាន់តែប្រសើរឡើង ការបង្កើនការងារជូនសហគមន៍ ក៏ដូចជាចំណូលជាតិដែលបានពីភ្ញៀវទេសចរ។
ការងារអភិវឌ្ឍន៍គម្រោងនេះ ក្រសួងបរិស្ថាន ក្រោមក្របខណ្ឌគម្រោងនិរន្តរភាពតំបន់ទេសភាព និងទេសចរណ៍ធម្មជាតិកម្ពុជា ក៏បានចុះកិច្ចសន្យាជាមួយក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេស Emerging360 ដើម្បីសិក្សារៀបចំចក្ខុវិស័យគោលដៅទេសចរណ៍ និងផែនការវិនិយោគទេសចរណ៍ (Destination Vision and Investment Plan) សម្រាប់តំបន់ទេសភាពជួរភ្នំក្រវាញកម្ពុជា ដោយផ្តោតលើកាលានុវត្តភាពនៃការរៀបចំជាតំបន់អេកូទេសចរណ៍នៅក្នុងតំបន់ការពារ សម្រាប់ខេត្តសៀមរាប កំពង់ស្ពឺ និងកោះកុង ដែលក្នុងនោះរួមមានទី១៖ តំបន់ឧទ្យានជាតិព្រះជ័យវរ្ម័ន-នរោត្តម “ភ្នំគូលែន”, ទី២៖ ដែនជ ម្រកសត្វព្រៃភ្នំឱរ៉ាល់ និងឧទ្យានជាតិភ្នំក្រវាញកណ្តាល និងទី៣៖ តំបន់ដែនជម្រកសត្វព្រៃតាតៃ និងពាមក្រសោប ផងដែរ៕ អត្ថបទ៖ គឹមហុក