ទីប្រឹក្សាសន្តិសុខជាន់ខ្ពស់របស់កូរ៉េខាងត្បូង នៅថ្ងៃសុក្រ (ទី២៤ ខែតុលា) នេះ បានបញ្ជាក់ឲ្យដឹងថា ប្រធានាធិបតីសហរដ្ឋអាមេរិក លោក Donald Trump និងប្រធានាធិបតីចិន លោក Xi Jinping នឹងធ្វើទស្សនកិច្ចផ្លូវរដ្ឋ នាសប្តាហ៍ក្រោយ នៅកូរ៉េខាងត្បូង នៅពេលដែលប្រទេសនេះធ្វើជាម្ចាស់ផ្ទះព្រឹត្តិការណ៍កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ី-ប៉ាស៊ីហ្វិក (APEC)។
ទីប្រឹក្សាសន្តិសុខរបស់ប្រធានាធិបតីកូរ៉េខាងត្បូង គឺលោក Wi Sung-lac បាននិយាយថា ប្រធានាធិបតីកូរ៉េខាងត្បូង លោក Lee Jae Myung គ្រោងរៀបចំកិច្ចប្រជុំកំពូលជាមួយលោក Trump និងលោក Xi ដាច់ដោយឡែកពីគ្នា។

លោក Wi បានប្រាប់អ្នកសារព័ត៌មានថា៖ «តាមរយៈកិច្ចប្រជុំកំពូលជាបន្តបន្ទាប់ រវាងមេដឹកនាំរបស់កូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក សហរដ្ឋអាមេរិក និងចិន ក៏ដូចជាកូរ៉េខាងត្បូង និងចិន យើងនឹងមិនត្រឹមតែបង្ហាញពីតួនាទីរបស់កូរ៉េខាងត្បូងថា ជាវេទិកាមួយប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបង្កើតបាននូវការឯកភាពគ្នា ដើម្បីឲ្យមានសន្តិភាព វិបុលភាព និងស្ថិរភាព ក្នុងតំបន់ផងដែរ»។
គួរបញ្ជាក់ថា សេតវិមានបានឲ្យដឹងនៅមុននេះថា ជាផ្នែកនៃដំណើរទស្សនកិច្ចទៅកាន់តំបន់អាស៊ីនេះ លោក Trump នឹងជួបជាមួយលោក Xi នាសប្តាហ៍ក្រោយ នៅប្រទេសកូរ៉េខាងត្បូង ស្របពេលមានភាពតានតឹងផ្នែកពាណិជ្ជកម្ម រវាងប្រទេសដែលមានសេដ្ឋកិច្ចធំជាងគេទាំង២ របស់ពិភពលោក។
ហើយជាមួយគ្នានេះ លោក Wi បានសង្កត់ធ្ងន់ទៀតថា កូរ៉េខាងត្បូងសង្ឃឹមថា នឹងទទួលបាននូវវឌ្ឍនភាពល្អប្រសើរ ជុំវិញបញ្ហាជុំវិញសន្តិសុខ និងពន្ធរបស់សហរដ្ឋអាមេរិក នៅក្នុងកិច្ចប្រជុំនាពេលខាងមុខ រវាងលោក Lee និង Trump ប៉ុន្តែលោកមិនច្បាស់ថា តើមានកិច្ចព្រមព្រៀងណាមួយ រវាងភាគីទាំង២ នឹងត្រូវសម្រេចបានដែរ ឬយ៉ាងណានោះទេ៕
