បាល់ទាត់៖ ប្រធានាធិបតីសេណេហ្កាល់លោក Macky Sall បានផ្តល់កិត្តិយសជួបសំណេះសំណាលអបអរសាទរដល់ក្រុមបាល់ទាត់ជំរើសជាតិសេណេហ្កាល់ ដែលបាននាំយកកិត្តិយសជូនជាតិតាមរយៈការនាំយកពានបាល់ទាត់ជើងឯកទ្វីបអាហ្វ្រិក Africa Cup of Nations។ នៅវិមានប្រធានាធិបតីនៅរដ្ឋធានី Dakar ប្រទេសសេណេហ្កាល់លោក Macky Sall បាននិយាយថា “ពួកយើងតែងតែស្រមៃចង់បានពាននេះ ហើយពេលនេះអ្នកទាំងអស់គ្នាបានធ្វើឱ្យសុបិន្តក្លាយជាការពិតហើយ ទីបំផុតពាន Africa Cup of Nations បានមកដល់ទឹកដីរបស់យើង”។
កាលពីថ្ងៃចន្ទ ក្រុមបាល់ទាត់ជំរើសជាតិសេណេហ្កាល់បានវិលត្រលប់មកប្រទេសកំណើត ជាមួយនឹងការទទួលស្វាគមន៍ទុកដូចវីរបុរស បន្ទាប់ពីគ្រងជើងឯកបាល់ទាត់ទ្វីបអាហ្វ្រិក Africa Cup of Nations ជាលើកដំបូងក្នុងប្រវត្តិសាស្ត្រ ក្រោយយកឈ្នះជើងឯក ៧សម័យអេហ្ស៊ីបនៅវគ្គផ្តាច់ព្រ័ត្រ។ សេណេហ្កាល់ក្រោមការដឹកនាំរបស់គ្រូបង្វឹក Aliou Cisse បានទទួលរងការរិះគន់ខ្លាំងនៅពេលចាប់ផ្តើមព្រឹត្តិការណ៍ Africa Cup of Nations ដំបូងបន្ទាប់ពីឈ្នះតែ ១ប្រកួត និងស្មើ ២ប្រកួត មុនពេលទំលាក់កាប់វែរនៅវគ្គ ១៦ក្រុម, ទំលាក់អេក្វាទ័រហ្គីណេនៅវគ្គ ៨ក្រុម និងទំលាក់បូគីណាហ្វាសូនៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ។ រំលឹកថា សេណេហ្កាល់ធ្លាប់ឡើងវគ្គផ្តាច់ព្រ័ត្រ Africa Cup of Nations នេះពីរលើករួចមកហើយ តែសុទ្ធតែចាញ់នៅវគ្គផ្តាច់ព្រ័ត្រដែលរួមមានឆ្នាំ២០០២ ចាញ់កាមេរូន និងឆ្នាំ២០១៩ ចាញ់អាល់ហ្សេរី៕
អត្ថបទ៖នាង សុភាវុធ