មីយ៉ាន់ម៉ា៖ យោធាមីយ៉ាន់ម៉ាកាលពីពេលថ្មីៗនេះ បានអញ្ជើញក្រុមអង្គការប្រដាប់អាវុធជនជាតិភាគតិចមួយចំនួន លើកលែងតែក្រុមដែលខ្លួនធ្លាប់ប្រកាសជាក្រុមភេរវករ ឲ្យចូលតុចរចាស្វែងរកសន្តិភាពជុំដំបូងដែលគ្រោងនឹងធ្វើឡើងនៅថ្ងៃសៅរ៍សប្ដាហ៍នេះ។ នេះបើយោងតាមសេចក្ដីរាយការណ៍ព័ត៌មាន Irrawaddy របស់សហភាពមីយ៉ាន់ម៉ា។
ការផ្ដល់នេះមានឡើង ខណៈខ្លួនព្យាយាមគ្រប់គ្រងប្រទេសរយៈពេល ១ឆ្នាំបន្ទាប់ពីរដ្ឋប្រហារកាលពីថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២១ និងប្រឈមទៅនឹងការប៉ះទង្គិចគ្នាកាន់តែខ្លាំងនៅទូទាំងប្រទេស ជាមួយកងកម្លាំងតស៊ូជនស៊ីវិល និងក្រុមប្រដាប់អាវុធជនជាតិភាគតិចជាច្រើន។ ការស្រាវជ្រាវចុងក្រោយបំផុតបានបង្ហាញថា ចាប់តាំងពីការដណ្ដើមអំណាចមក ប្រទេសនៅតំបន់អាស៊ីអាគ្នេយ៍មួយនេះបានមើលឃើញ ការវាយប្រយុទ្ធគ្នាដ៏ខ្លាំងក្លាកើនឡើងរវាងយោធារបស់ខ្លួន និងក្រុមប្រដាប់អាវុធជនស៊ីវិលនានា។ ក្រុមឃ្លាំមើលទីតាំងជម្លោះប្រដាប់អាវុធ និងគម្រោងទិន្នន័យព្រឹត្តិការណ៍បាននិយាយថា មនុស្សប្រមាណ ១២,០០០នាក់ត្រូវបានសម្លាប់ក្នុងអំពើហិង្សានយោបាយ ចាប់តាំងពីរដ្ឋប្រហារយោធាដោយមានការប៉ះទង្គិចគ្នាកំពុងកើនឡើងចាប់តាំងពីខែសីហាមក៕
អត្ថបទ៖ សុខមាន