ប្រធានាធិបតីអាមេរិកលោក Donald Trump នៅថ្ងៃអាទិត្យ នេះ បានប្រាប់បណ្ដាមេដឹកនាំអាស៊ីអាគ្នេយ៍ថា ប្រទេសរបស់លោកនឹងក្លាយជាដៃគូដ៏រឹងមាំសម្រាប់តំបន់នេះ ជាច្រើនជំនាន់ ។
ក្នុងការថ្លែងសុន្ទរកថា នៅក្នុងកិច្ចប្រជុំកំពូលអាមេរិក-អាស៊ាន នៅទីក្រុង Kuala Lumpur ប្រទេសម៉ាឡេស៊ីថា លោក Trump និយាយថា សហរដ្ឋអាមេរិកកំពុងមានយុគសម័យមាសរបស់ខ្លួន ដោយបន្ថែមថា សាររបស់ពួកលោកចំពោះប្រជាជាតិអាស៊ីអាគ្នេយ៍គឺថា សហរដ្ឋអាមេរិកនៅជាមួយអ្នក ១០០% ហើយពួកលោកមានបំណងធ្វើជាដៃគូដ៏រឹងមាំសម្រាប់មនុស្សជាច្រើនជំនាន់ ។
លោកថា ថ្ងៃនេះ រូបលោកបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មដ៏ធំមួយរវាងសហរដ្ឋអាមេរិក និងម៉ាឡេស៊ី ហើយពួកលោករួមគ្នាចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាពជាប្រវត្តិសាស្ត្រ បញ្ចប់អរិភាពរវាងថៃ និង កម្ពុជា ។
ប្រទេសម៉ាឡេស៊ីបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយសហរដ្ឋអាមេរិក ជាមួយលោកប្រធានាធិបតី Donald Trump ក្នុងការចូលរួមនៅក្រៅកិច្ចប្រជុំកំពូលអាស៊ានលើកទី ៤៧ នៅថ្ងៃទី ២៦ ខែតុលានេះ ក្នុងអត្រាពន្ធ ១៩ ភាគរយដែលត្រូវបានព្រមព្រៀងកាលពីខែសីហា។
កិច្ចព្រមព្រៀងនេះរួមមានសម្បទានជាច្រើនដែលធ្វើឡើងដោយរដ្ឋបាលរបស់នាយករដ្ឋមន្ត្រី Anwar Ibrahim រួមទាំងការផ្គត់ផ្គង់រ៉ែសំខាន់ៗដល់អាមេរិក៕