សម្តេច ហ៊ុន ម៉ាណែត នៅថ្ងៃទី ២៧ តុលានេះ បានជួបជាមួយលោក ផាម មិញ ជិញ (Pham Minh Chinh) នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម និង លោក សនសៃ ស៊ីផាន់ដន (Sonexay Siphandone) នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ក្នុងជំនួបពិសារអាហារពេលព្រឹកការងារ នៅព្រឹកថ្ងៃចន្ទ ទី២៧ តុលា ២០២៥ នៅទីក្រុងគូឡាឡាំពួ ប្រទេសម៉ាឡេស៊ី ក្នុងឱកាសចូលរួមកិច្ចប្រជុំកំពូលអាស៊ាន។
នេះជាទម្លាប់នៅរាល់ពេលមានកិច្ចប្រជុំកំពូលអាស៊ានថ្នាក់ដឹកនាំនៃប្រទេសទាំងបី កម្ពុជា-ឡាវ-វៀតណាម តែងតែមានជំនួបអាហារពេលព្រឹកការងារ ដើម្បីជួបជជែកពិភាក្សា លើការពង្រឹងទំនាក់ទំនងកិច្ចសហប្រតិបត្តិការ រវាងប្រទេសទាំងបីឱ្យកាន់តែមានភាពល្អប្រសើរបន្ថែមទៀត។





