នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu បាននិយាយកាលពីថ្ងៃអាទិត្យ (២៦ តុលា) ថា អ៊ីស្រាអែល នឹងកំណត់ថា តើកងកម្លាំងបរទេសណាដែលខ្លួននឹងអនុញ្ញាតឱ្យចូលរួម ជាផ្នែកមួយនៃផែនការកងកម្លាំងអន្តរជាតិនៅតំបន់ហ្កាហ្សា ដើម្បីជួយធានាបទឈប់បាញ់ដ៏ផុយស្រួយ ក្រោមផែនការសន្តិភាព ២០ចំណុចរបស់លោកប្រធានាធិបតីអាមេរិក Donald Trump ។

គេនៅតែមិនទាន់ច្បាស់ឡើយថា តើប្រទេសអារ៉ាប់ និងរដ្ឋផ្សេងទៀតបានត្រៀមរួចជាស្រេចហើយឬនៅ ក្នុងការបញ្ចូនទាហានរបស់ពួកគេមួយផ្នែកទៅកាន់ហ្កាហ្សា ខណៈពួកសកម្មប្រយុទ្ធហាម៉ាសប៉ាឡេស្ទីន នៅតែបដិសេធមិនព្រមរំសាយអាវុធ ដូចដែលបានអំពាវនាវក្នុងផែនការនេះ ហើយអ៊ីស្រាអែល តែងសម្តែងក្ដីបារម្ភអំពីទម្រង់នៃកងកម្លាំងអន្តរជាតិ។
រដ្ឋបាលលោក Trump បានច្រានចោលរួចទៅហើយថាខ្លួនមិនបញ្ជូនទាហានអាមេរិកទៅហ្កាហ្សាដោយផ្ទាល់ទេ ហើយទីក្រុងវ៉ាស៊ីនតោន កំពុងជជែកជាមួយឥណ្ឌូនេស៊ី អារ៉ាប់រួម អេហ្ស៊ីប កាតា ទួរគី និង អាស៊ែបៃហ្សង់ ដើម្បីរួមចំណែកដល់កម្លាំងចម្រុះពហុជាតិ។ កាលពីសប្តាហ៍មុន លោក Netanyahu បានបង្ហើបថា លោកនឹងប្រឆាំងតួនាទីណាមួយរបស់កងកម្លាំងសន្តិសុខទួរគី នៅតំបន់ហ្កាហ្សា។
ថ្លែងក្នុងសម័យប្រជុំគណៈរដ្ឋមន្ត្រីអ៊ីស្រាអែល លោក Netanyahu បានលើកឡើងថា៖ អ៊ីស្រាអែលមានការគ្រប់គ្រងសន្តិសុខរបស់ខ្លួន ហើយក៏បញ្ជាក់ច្បាស់ៗរួចហើយអំពីកងកម្លាំងអន្តរជាតិ ដែលអ៊ីស្រាអែលនឹងជាអ្នកកំណត់ថាតើកងកម្លាំងណាដែលអាច ឬមិនអាចទទួលយកបានសម្រាប់អ៊ីស្រាអែល និងសម្រាប់សហរដ្ឋអាមេរិកផងដែរ"៕

