កិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា នីតិកាលទី៥ នៅព្រឹកថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៥នេះ បានសម្រេចបញ្ជូនសេចក្តីស្នើច្បាប់ ស្តីពីវិសោធនកម្មច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភាទៅរដ្ឋសភា ដើម្បីពិនិត្យ និងអនុម័ត។
កិច្ចប្រជុំគណៈកម្មាធិការ អចិន្ត្រៃយ៍ព្រឹទ្ធសភា នីតិកាលទី៥នៅព្រឹកនេះ បានរៀបចំឡើងក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា, បន្ទាប់ពីបានពិនិត្យ និងពិភាក្សារួចមក គណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា បានសម្រេចបញ្ជូនសេចក្តីស្នើច្បាប់ ស្តីពីវិសោធនកម្មច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភាទៅរដ្ឋសភាដើម្បីពិនិត្យ និងអនុម័តតាមការគួរ។
សូមបញ្ជាក់ថា ការធ្វើវិសោធនកម្មច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា គឺបានអនុវត្តតាមការចង្អុលបង្ហាញដ៏ខ្ពស់ខ្បស់របស់ សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា ដែលបានណែនាំឱ្យសិក្សារៀបចំឡើងវិញនូវប្រព័ន្ធបោះឆ្នោតព្រឹទ្ធសភា ឱ្យមានទម្រង់ដូចទៅនឹងប្រព័ន្ធបោះឆ្នោតរដ្ឋសភា ដោយដូរពីការបោះឆ្នោតតាមភូមិភាគ ទៅជាសមាមាត្រតាមមណ្ឌលរាជធានីខេត្តទាំង២៥ជំនួសវិញ។
ដោយមានការចង្អុលបង្ហាញដូច្នេះ ព្រឹទ្ធសភាក៏បានបង្កើតគណៈកម្មការពិសេសមួយ ដើម្បីពិនិត្យ សិក្សា និងស្រាវជ្រាវទៅលើប្រព័ន្ធបោះឆ្នោតព្រឹទ្ធសភាកម្ពុជា។ ក្រោយបានពិនិត្យ និងពិភាក្សាលើរបាយការណ៍ស្រាវជ្រាវពាក់ព័ន្ធទៅនឹងប្រព័ន្ធបោះឆ្នោតនេះជាច្រើនលើកច្រើនសារ រាប់ទាំងការរៀបចំសិក្ខាសាលា ដែលមានការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធ និងក្រសួង-ស្ថាប័នជំនាញនោះគណៈកម្មការពិសេសដឹកនាំរបស់ឯកឧត្តមបណ្ឌិត ធន់ វឌ្ឍនា អនុប្រធានទី២ព្រឹទ្ធសភា បានសម្រេចជាឯកច្ឆន្ទស្នើធ្វើវិសោធនកម្មច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា ដោយកែសម្រួលមណ្ឌលបោះឆ្នោតពីភូមិភាគ ទៅរាជធានី-ខេត្ត ដូចរដ្ឋសភានាពេលនេះ។
អ្នកនាំពាក្យព្រឹទ្ធសភា ឯកឧត្តម ជា ធីរិទ្ធ ធ្លាប់បានប្រាប់ថា គោលដៅចម្បងនៃសេចក្តីស្នើច្បាប់នេះត្រូវបានលើកឡើងដើម្បីពង្រឹងគណនេយ្យភាព និងការទទួលខុសត្រូវរបស់សមាជិកព្រឹទ្ធសភាជាមួយអង្គបោះឆ្នោត គឺក្រុមប្រឹក្សាឃុំសង្កាត់ធ្វើយ៉ាងណាឱ្យសមាជិកព្រឹទ្ធសភាត្រូវចុះជាប់ជាប្រចាំនៅមូលដ្ឋានរបស់ខ្លួន៕




