បាល់ទាត់៖ ខ្សែបម្រើស្លាបតោខៀវ Chelsea, Hakim Ziyech សំរេចចិត្តលាឈប់ពីកាតព្វកិច្ចក្រុមជំរើសជាតិម៉ារ៉ុកហើយនៅត្រឹមវ័យ ២៨ឆ្នាំប៉ុណ្ណោះ។ ការសំរេចចិត្តបែបនេះបន្ទាប់ពីកីឡាករវ័យ ២៨ឆ្នាំរូបនេះមិនស្ថិតក្នុងជំរើសគ្រូបង្វឹកម៉ារ៉ុកលោក Vahid Halilhodzic នៅ Africa Cup of Nations ដែលទើបបញ្ចប់ថ្មីៗនេះ។

Hakim Ziyech បាននិយាយថា នេះគឺជាការសំរេចចិត្តចុងក្រោយរបស់គេ ថានឹងមិនវិលត្រលប់ទៅក្រុមជំរើសជាតិវិញទេ និងងាកមកផ្តោតអារម្មណ៍តែមួយមុខគត់ជាមួយក្លិបអាជីព។ Hakim Ziyech មិនបានលេងឱ្យក្រុមម៉ារ៉ុកតាំងពីខែមិថុនាឆ្នាំមុនម្ល៉េះ តាំងពីបង្ហាញខ្លួនចុងក្រោយពេលម៉ារ៉ុកជួបហ្កាណា និងបូគីណាហ្វាសូ។ តាំងពីពេលនោះមកអតីតកីឡាករ Ajax រូបនេះមានជម្លោះពាក្យសំដីជាមួយគ្រូបង្វឹកសញ្ជាតិបូស្នៀ Halildhozic ជុំវិញឱកាសរបស់ខ្លួននៅក្រុមជំរើសជាតិ។ រំលឹកថា Ziyech មានដើមកំណើតនៅទឹកដីហូឡង់ និងបានបង្ហាញខ្លួនឱ្យក្រុមជំរើសជាតិហូឡង់ជាច្រើនប្រភេទអាយុ មុនពេលផ្លាស់ប្តូរមកលេងឱ្យក្រុមជំរើសជាតិម៉ារ៉ុកនៅឆ្នាំ២០១៥ បង្ហាញខ្លួនបាន ៣៩ប្រកួតស៊ុតបញ្ចូលទី ១៧គ្រាប់៕
អត្ថបទ៖នាង សុភាវុធ