អាល្លឺម៉ង់៖ ថ្ងៃថ្មីនៃទំនាក់ទំនងការទូតកម្រិតខ្ពស់បានធ្វើឡើងជាមួយមេដឹកនាំអឺរ៉ុប ដែលខិតខំស្តារឡើងវិញនូវកិច្ចចរចាសន្តិភាពដែលជាប់គាំងរវាងប្រទេសរុស្ស៊ី និងអ៊ុយក្រែន ខណៈទីក្រុងម៉ូស្គូ និងសម្ព័ន្ធមិត្តណាតូបានបង្ហាញពីការប្តេជ្ញាចិត្ត ដោយបន្តការដាក់ពង្រាយកងកម្លាំងរបស់ពួកគេ។ អធិការបតីអាល្លឺម៉ង់លោក Olaf Scholz បាននិយាយនៅមុនជំនួបកាលពីថ្ងៃអង្គារ ជាមួយប្រធានាធិបតីបារាំងលោក Emmanuel Macron និងប្រធានាធិបតីប៉ូឡូញលោក Andrzej Duda ថា គោលដៅរួមគ្នាគឺដើម្បីទប់ស្កាត់សង្គ្រាមនៅអឺរ៉ុប។
លោកនិយាយថា ការដាក់ពង្រាយកងទ័ពរុស្ស៊ីនៅតាមព្រំដែនជាមួយអ៊ុយក្រែន គឺជាការគួរឱ្យព្រួយបារម្ភ។ ការបំពានបន្ថែមទៀតនៃបូរណភាពទឹកដី និងដែនអធិបតេយ្យភាពលើប្រទេសអ៊ុយក្រែន គឺមិនអាចទទួលយកបានទេ ហើយនឹងមានផលវិបាកធំសម្រាប់រុស្ស៊ីទាំងផ្នែកនយោបាយ សេដ្ឋកិច្ច យុទ្ធសាស្ត្រតាមភូមិសាស្ត្រ។ លោក Scholz បាននិយាយថា ប្រទេសអឺរ៉ុបទាំងបីចង់ធ្វើការដើម្បីកាត់បន្ថយស្ថានការណ៍តានតឹង។ យើងរួបរួមគ្នាក្នុងគោលដៅតែមួយតាមរយៈទំនាក់ទំនងការទូត និងសារច្បាស់លាស់ និងឆន្ទៈរួមដើម្បីធ្វើសកម្មភាពរួមគ្នា។ ប្រធានាធិបតីប៉ូឡូញលោក Andrzey Duda ដែលកំពុងដើរតួនាទីការទូតកាន់តែលេចធ្លោ ហើយប្រទេសនេះមានព្រំដែនជាប់ភាគខាងលិចប្រទេសអ៊ុយក្រែន និងបេឡារុស្សបានរំលឹកឡើងវិញពីតម្រូវការសម្រាប់ឯកភាព និងសាមគ្គីភាព។
មេដឹកនាំអង្គការ NATO សហរដ្ឋអាមេរិក និងអឺរ៉ុបបានច្រានចោលការទាមទារដែលពួកគេនិយាយថា ជាការប្រឈមទៅនឹងគោលការណ៍ស្នូលរបស់អង្គការ NATO ដូចជាការបិទទ្វារចំពោះប្រទេសអ៊ុយក្រែន ឬប្រទេសផ្សេងទៀតដែលអាចស្វែងរកសមាជិកភាព។ រដ្ឋមន្ត្រីការពារជាតិរ៉ូម៉ានីលោក Vasile Dincu បាននិយាយថា បុគ្គលិកយោធាអាមេរិកជាង ១០០នាក់បានមកដល់ប្រទេសរ៉ូម៉ានី មុនពេលការដាក់ពង្រាយទាហាន NATO ប្រមាណ ១,០០០នាក់ដែលរំពឹងទុកនៅក្នុងប្រទេសនេះ ក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខនេះ។ មន្ត្រីសហរដ្ឋអាមេរិកបាននិយាយថា កងទ័ពសម្ព័ន្ធមិត្តប្រមាណ ១,០០០នាក់នឹងត្រូវបញ្ជូនពីអាល្លឺម៉ង់ទៅកាន់រ៉ូម៉ានី ដែលជាសមាជិកអង្គការ NATO ចាប់តាំងពីឆ្នាំ២០០៤៕
អត្ថបទ៖ ប៊ុនថន