នាយករដ្ឋមន្ត្រីប្រទេសម៉ាឡេស៊ី លោក Anwar Ibrahim បានការពារការធ្វើជាម្ចាស់ផ្ទះទទួល ប្រធានាធិបតីសហរដ្ឋអាមេរិក លោក Donald Trump នៅក្នុងកិច្ចប្រជុំកំពូលសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) ដោយបានច្រានចោលការរិះគន់ដែលថា ការស្វាគមន៍លោក Trump គឺមានភាព «អធិកអធមហួសហេតុ» និង «មិនសមស្រប» ។

លោក Anwar ដែលប្រទេសរបស់លោកជាប្រធាអាស៊ានឆ្នាំ២០២៥នេះបាននិយាយថា កិច្ចប្រជុំកំពូលនេះបានធ្វើឱ្យប្រទេសម៉ាឡេស៊ីក្លាយជា «មជ្ឈមណ្ឌលនៃការយកចិត្តទុកដាក់របស់ពិភពលោក» ខណៈរក្សាបាននូវគោលជំហររបស់ប្លុកនៃភាពជាកណ្តាល និងអព្យាក្រឹត។

ក្រៅពីមេដឹកនាំប្រទេសអាស៊ាន អ្នកចូលរួមផ្សេងទៀតរួមមានប្រធានាធិបតីប្រេស៊ីល លោក Luiz Inácio Lula da Silva ប្រធានាធិបតីអាហ្វ្រិកខាងត្បូង លោក Cyril Ramaphosa និងនាយករដ្ឋមន្ត្រីជប៉ុនថ្មី លោកស្រី Sanae Takaichi ។
ដំណើរទស្សនកិច្ចរបស់លោក Trump ទៅកាន់ប្រទេសម៉ាឡេស៊ីបានបណ្តាលឲ្យមានការតវ៉ាដឹកនាំដោយគណបក្សប្រឆាំង Parti Islam Se-Malaysia និងក្រុមសង្គមស៊ីវិល ដែលប្រឆាំងនឹងការយល់ឃើញរបស់សហរដ្ឋអាមេរិកក្នុងការគាំទ្រអ៊ីស្រាអែលក្នុងជម្លោះនៅតំបន់ហ្កាហ្សា។
ការរៀបចំរបស់លោក Anwar ចំពោះដំណើរទស្សនកិច្ចរបស់លោក Trump ត្រូវបានរិះគន់ដោយមេដឹកនាំគណបក្សប្រឆាំង និងអតីតនាយករដ្ឋមន្ត្រី លោក Muhyiddin Yassin ដែលបានហៅពិធីស្វាគមន៍សម្រាប់ប្រធានាធិបតីអាមេរិកថា «មិនសមស្រប» ដោយសារស្ថានភាពរបស់ប្រជាជនប៉ាឡេស្ទីននៅតំបន់ហ្កាហ្សា។