រដ្ឋមន្ត្រីការពារជាតិរបស់ប្រទេសជប៉ុន លោក Koizumi Shinjiro បានជួបជាមួយរដ្ឋមន្ត្រីការពារជាតិសហរដ្ឋអាមេរិក លោក Pete Hegseth ដែលបានមកធ្វើទស្សនកិច្ចនៅប្រទេសជប៉ុន ជាលើកដំបូងចាប់តាំងពីលោកឡើងកាន់តំណែង។

កិច្ចពិភាក្សាបានចាប់ផ្តើមនៅក្រសួងការពារជាតិជប៉ុនក្នុងទីក្រុងតូក្យូនៅថ្ងៃពុធនេះ និងមានរយៈពេលប្រហែលមួយម៉ោង។ កិច្ចប្រជុំ បានធ្វើឡើងបន្ទាប់ពីជំនួបកំពូលរវាងនាយករដ្ឋមន្ត្រីជប៉ុន លោកស្រី Takaichi Sanae និងប្រធានាធិបតីសហរដ្ឋអាមេរិក លោក Donald Trump នៅទីក្រុងតូក្យូ មួយថ្ងៃមុននេះ។

ប្រមុខការពារជាតិទាំងពីរ ត្រូវបានគេគិតថាពិភាក្សាអំពីស្ថានភាពសន្តិសុខក្នុងតំបន់ រួមជាមួយមធ្យោបាយនានាដើម្បីពង្រឹងបន្ថែមទៀតនូវការរារាំង និងសមត្ថភាពឆ្លើយតបរបស់សម្ព័ន្ធមិត្តទ្វេភាគី។ លោក Koizumi ក៏ទំនងជាបានចែករំលែកជាមួយ លោក Hegseth នូវផែនការរបស់រដ្ឋាភិបាលសម្រាប់ការជំរុញជាមូលដ្ឋាននូវសមត្ថភាពការពារប្រទេស។
ផែនការនេះ រួមបញ្ចូលទាំងការពិនិត្យឡើងវិញលើឯកសារសន្តិសុខជាតិចំនួនបី រួមមានទាំងយុទ្ធសាស្ត្រសន្តិសុខជាតិ ដោយមានគោលដៅពិនិត្យឡើងវិញនៅចុងឆ្នាំក្រោយ។ ជាក់ស្តែង លោក Koizumi សង្ឃឹមថានឹងប្រើប្រាស់កិច្ចពិភាក្សានេះដើម្បីបង្កើតទំនុកចិត្តជាមួយ លោក Hegseth និងបង្កើតទំនាក់ទំនងផ្ទាល់ខ្លួន។
រដ្ឋមន្ត្រីការពារជាតិសហរដ្ឋអាមេរិក លោក Pete Hegseth ក៏បានសាទរការចំណាយលើវិស័យការពារជាតិដែលកើនឡើងរបស់ប្រទេសជប៉ុន នៅក្នុងជំនួបនៅថ្ងៃពុធនេះ។
 
	                 
	                 
	                 
                     
                         
                         
                         
                         
                     
                         
                         
                         
                         
                         
                     
                             
                         
                             
                         
                             
                         
                            