ទីភ្នាក់ងារអឌ្ឍចន្ទក្រហមនៅក្នុងតំបន់ បាននិយាយកាលពីថ្ងៃអង្គារ (២៨ តុលា) ថា សាកសពជនអន្តោប្រវេសន៍យ៉ាងហោចណាស់ ១៨នាក់ ដែលបានស្លាប់ពេលក្រឡាប់ទូកនៅភាគខាងលិចនៃរដ្ឋធានីទ្រីប៉ូលីរបស់ប្រទេសលីប៊ី ត្រូវបានស្រង់ពីសមុទ្រ ខណៈអ្នករួចជីវិតជាង ៩០នាក់ ត្រូវបានជួយសង្គ្រោះ។

អឌ្ឍចន្ទក្រហមនៅទីក្រុងឆ្នេរសមុទ្រ Sabratha ចម្ងាយប្រហែល ៧៦គីឡូម៉ែត្រ ភាគខាងលិចនៃទីក្រុង ទ្រីប៉ូលី បាននិយាយថា ខ្លួនបានទទួលរបាយការណ៍អំពីហេតុការណ៍លិចទូកមួយករណីកាលពីល្ងាចថ្ងៃចន្ទ ហើយបានធ្វើប្រតិបត្តិការជួយសង្គ្រោះ រហូតដល់ព្រឹកថ្ងៃអង្គារកន្លងទៅ។ សាកសពត្រូវបានរកឃើញពីសមុទ្រក្បែរច្រាំងកំពង់ផែ Surman ។
កាលពីដើមខែនេះ មជ្ឈមណ្ឌលវេជ្ជសាស្ត្រ ដែលគ្រប់គ្រងដោយក្រសួងសុខាភិបាលលីប៊ី បាននិយាយថា សាកសពជនជនអន្តោប្រវេសន៍យ៉ាងតិច ៦១នាក់ ត្រូវបានក្រុមគ្រូពេទ្យរកឃើញក្នុងរយៈពេល ២សប្តាហ៍ នៅក្នុងតំបន់ឆ្នេររវាងទីក្រុង Zuwara និង Ras Ijdir នៃប្រទេសលីប៊ី នៅជិតព្រំដែនជាមួយប្រទេសទុយនេស៊ី៕


 
	                 
	                 
	                 
                     
                         
                         
                         
                         
                     
                         
                         
                         
                         
                         
                     
                             
                         
                             
                         
                             
                         
                            