បន្ទាប់ពីមានព័ត៌មាន ដែលអះអាងថា ប្រទេសបារាំង គ្រោងបញ្ជូនទាហានទៅអ៊ុយក្រែន អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov កាលពីថ្ងៃអង្គារ (ទី២៨ ខែតុលា) បានចាត់ទុកថា នេះគឺជា «រឿងគួរឲ្យព្រួយបារម្ភ»។
ដោយអត្ថាធិប្បាយលើរបាយការណ៍មួយរបស់សេវាស៊ើបការណ៍សម្ងាត់រុស្ស៊ី (SVR) ដែលអះអាងថា ទីក្រុងប៉ារីស កំពុងរៀបចំបញ្ជូនទាហាន ២.០០០នាក់ ដើម្បីប្រយុទ្ធនៅខាងភាគីអ៊ុយក្រែន លោក Peskov បាននិយាយថា៖ «វាគឺជារឿងគួរឲ្យព្រួយបារម្ភណាស់»។

ហើយជាមួយគ្នានេះ ក្នុងសន្និសីទសារព័ត៌មាន នៅពេលត្រូវបានសួរ អំពីលទ្ធភាពនៃការចាប់ផ្ដើមការចរចាឡើងវិញ ស្ដីពីបញ្ហាអ៊ុយក្រែន លោក Peskov បានឆ្លើយតបថា ការផ្អាកបច្ចុប្បន្ននេះ គឺដោយសារតែទីក្រុងគីវ មិនមានឆន្ទៈក្នុងការបន្តដំណើរការចរចា និងការបដិសេធរបស់ប្រទេសនេះ ក្នុងការមិនឆ្លើយតបទៅនឹងសំណើរបស់ទីក្រុងមូស្គូ ដើម្បីឲ្យមានការងារបន្ថែមទៀតជា ៣ក្រុម ពោលគឺក្រុមកិច្ចការនយោបាយ យោធា និងមនុស្សធម៌។
ភ្លាមៗនេះ មិនមានការអត្ថាធិប្បាយណាមួយពីប្រទេសបារាំង ដែលរួមជាមួយនឹងចក្រភពអង់គ្លេស ដឹកនាំអ្វីដែលគេហៅថា «សម្ព័ន្ធឆន្ទៈរួម» ដែលត្រូវបានបង្កើតឡើងក្នុងគោលបំណងដាក់ពង្រាយកងទ័ពទៅកាន់អ៊ុយក្រែន នៅពេលដែលជម្លោះបានឈានដល់ទីបញ្ចប់។
លើសពីនេះទៀត ជាការឆ្លើយតបទៅនឹងសេចក្តីថ្លែងការណ៍របស់នាយករដ្ឋមន្រ្តីប៉ូឡូញ លោក Donald Tusk ដែលថា អ៊ុយក្រែនត្រូវបានរាយការណ៍ថា មានសិទ្ធិវាយប្រហារហេដ្ឋារចនាសម្ព័ន្ធរបស់រុស្ស៊ីនៅទូទាំងទ្វីបអឺរ៉ុប អ្នកនាំពាក្យវិមានក្រឹមឡាំង បានសង្កត់ធ្ងន់ថា ពួកគេកំពុងគាំទ្រ «ផ្តល់ភាពត្រឹមត្រូវដល់សកម្មភាពភេរវកម្ម»៕

