នគរបាលយោធា អង្គភាពឃ្លាំមើល និងអាជ្ញាធរ បាននិយាយកាលពីថ្ងៃពុធ (២៩ តុលា) ថា ប្រតិបត្តិការនគរបាលដ៏បង្ហូរឈាមបំផុតក្នុងប្រវត្តិសាស្ត្ររបស់ប្រេស៊ីល បានសម្លាប់មនុស្សយ៉ាងតិច ១៣០នាក់ ខណៈដងផ្លូវក្នុងទីក្រុង Rio de Janeiro ពោរពេញដោយសាកសពរាប់សិបនាក់ ដែលត្រូវរកឃើញពេញមួយយប់ រយៈពេលមួយសប្តាហ៍ប៉ុណ្ណោះមុនព្រឹត្តិការណ៍អាកាសធាតុពិភពលោកដ៏ធំក្នុងក្រុងនេះ។

នគរបាលរដ្ឋបាននិយាយថា ប្រតិបត្តិការឆ្មក់បង្រ្កាបនេះសំដៅលើក្រុមឧក្រិដ្ឋជនគ្រឿងញៀនដ៏ធំមួយ ហើយត្រូវបានគ្រោងទុកអស់ជាងពីរខែមកហើយ ដែលរៀបចំឡើងដើម្បីរុញជនសង្ស័យឱ្យចូលទៅក្នុងព្រៃភ្នំ ដែលអង្គភាពប្រតិបត្តិការពិសេសកំពុងរង់ចាំស្ទាក់ចាប់នៅទីនោះ។
តួលេខអ្នកស្លាប់ជាក់លាក់មានភាពខុសគ្នាតិចតួច ដោយនគរបាលរដ្ឋ Rio បានបញ្ជាក់ពីការស្លាប់ចំនួន ១១៩នាក់មកទល់ពេលនេះ ហើយនគរបាលយោធានិយាយថាមានអ្នកស្លាប់យ៉ាងតិច ១២១នាក់ ចំណែកក្រុមការពារសាធារណៈ និងអង្គភាពឃ្លាំមើលរបស់រដ្ឋ និយាយថា ចំនួនអ្នកស្លាប់ឡើងដល់យ៉ាងតិច ១៣២នាក់។ អ្នកស្រុក Penha ក្នុងទីក្រុង Rio បានប្រមូលសាកសពជាង ៧០នាក់ ចេញពីព្រៃជុំវិញនោះពេញមួយយប់ ហើយដាក់ត្រៀបត្រានៅកណ្តាលផ្លូវធំមួយ។
លោក Victor Santos ប្រធានសន្តិសុខរដ្ឋ Rio បានប្រាប់សន្និសីទសារព័ត៌មានមួយថា អំពើហិង្សានេះពុំមានទំនាក់ទំនងអ្វីទៅនឹងព្រឹត្តិការណ៍ពិភពលោកដែលក្រុង Rio នឹងធ្វើជាម្ចាស់ផ្ទះនៅសប្តាហ៍ក្រោយនេះទេ ពោលគឺកិច្ចចរចាអាកាសធាតុ COP30 របស់អង្គការសហប្រជាជាតិ រួមទាំងកិច្ចប្រជុំកំពូលមួយចំនួនទៀត៕

