រដ្ឋមន្ត្រីការពារជាតិប៉ាគីស្ថានកាលពីថ្ងៃពុធសប្ដាហ៍នេះ បានគំរាមថានឹងលុបបំបាត់ក្រុមតាលីបង់ កំពុងកាន់អំណាចក្នុងប្រទេសអាហ្វហ្គានីស្ថានជិតខាងដែលជាការកើនឡើងយ៉ាងខ្លាំងនៃវោហារសាស្ត្របន្ទាប់ពីការដួលរលំកិច្ចចរចាឆ្ពោះទៅរកសន្តិភាពយូរអង្វែងរវាងប្រជាជាតិអាស៊ីខាងត្បូងទាំង២។

រដ្ឋមន្ត្រីក្រសួងព័ត៌មានប៉ាគីស្ថាន បាននិយាយកាលពីថ្ងៃពុធថា ការចរចាបទឈប់បាញ់បានបញ្ចប់នៅក្នុងទីក្រុង Istanbulរបស់ទួរគី ដោយគ្មានដំណោះស្រាយដែលអាចជឿជាក់បាន ជាការប៉ះទង្គិចមួយក្នុងតំបន់ក្រោយការបះទង្គិចគ្នាដ៏ខ្លាំងក្លាក្នុងខែនេះ។
ប៉ាគីស្ថានបានប្រតិកម្មដោយកំហឹងចំពោះការបរាជ័យនៃកិច្ចចរចា ដែលប្រភពបាននិយាយថា បានបញ្ចប់ដោយការខ្វែងគំនិតគ្នាលើក្រុមសកម្មប្រយុទ្ធដែលត្រូវបានចោទប្រកាន់ថាបានប្រើប្រាស់អាហ្វហ្គានីស្ថានជាមូលដ្ឋានដើម្បីវាយប្រហារកងកម្លាំងសន្តិសុខរបស់ខ្លួននៅតាមព្រំដែនរបស់ពួកគេ។
រដ្ឋមន្ត្រីក្រសួងការពារជាតិលោក Khawaja Asif បាននិយាយនៅក្នុងសារបង្ហោះនៅលើបណ្ដាញសង្គម X ថា ប៉ាគីស្ថានមិនចាំបាច់ប្រើប្រាស់សូម្បីតែមួយផ្នែកនៃឃ្លាំងអាវុធពេញលេញរបស់ខ្លួន ក៏អាចលុបបំបាត់របបតាលីបង់ទាំងស្រុងបានដែរ ហើយរុញពួកគេត្រឡប់ទៅរូងភ្នំវិញដើម្បីលាក់ខ្លួន ។
ក្រុមតាលីបង់ និងក្រសួងការពារជាតិអាហ្វហ្គានីស្ថាន ពុំបានឆ្លើយតបភ្លាមៗចំពោះសំណើសុំការអត្ថាធិប្បាយលើបញ្ហានេះនោះទេ។
មនុស្សរាប់សិបនាក់ត្រូវបានសម្លាប់ក្នុងខែនេះនៅតាមព្រំដែនរវាងប្រទេសអាហ្វហ្គានីស្ថាន និងប៉ាគីស្ថាននៅក្នុងអំពើហិង្សាដ៏ធ្ងន់ធ្ងរបំផុតចាប់តាំងពីក្រុមតាលីបង់បានឡើងកាន់អំណាចនៅទីក្រុងកាប៊ុលក្នុងឆ្នាំ ២០២១ ៕

