ក្រុមឧទ្ទាមប្រដាប់អាវុធក្នុងសហភាពមីយ៉ាន់ម៉ា និយាយថា ខ្លួនបានឈានដល់បទឈប់បាញ់ជាមួយរដ្ឋាភិបាលគ្រប់គ្រងដោយយោធា ដើម្បីបញ្ឈប់ការប៉ះទង្គិចគ្នាយ៉ាងខ្លាំងក្លាជាច្រើនខែមកនេះនៅភាគខាងជើងប្រទេស។
កងទ័ពរំដោះជាតិ Ta'ang (TNLA) បានប្រកាសថា ខ្លួនបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងជាមួយរដ្ឋាភិបាលមីយ៉ាន់ម៉ា បន្ទាប់ពីកិច្ចចរចាជាច្រើនថ្ងៃសម្របសម្រួលដោយប្រទេសចិននៅក្នុងទីក្រុងគុនមីង មានចម្ងាយប្រហែល៤០០គីឡូម៉ែត្រ ពីព្រំដែនមីយ៉ាន់ម៉ា។

នៅក្រោមកិច្ចព្រមព្រៀងនេះ កងទ័ពរំដោះជាតិ Ta'ang (TNLA) បាននិយាយថា នឹងដកខ្លួនចេញពីទីក្រុង Mogok ដែលជាមជ្ឈមណ្ឌលរុករករ៉ែត្បូងទទឹមនៅតំបន់ Mandalay និងទីក្រុង Momeik ដែលនៅជិតខាង នៅភាគខាងជើងរដ្ឋ Shan ទោះបីជាក្រុមនេះមិនបានផ្តល់ពេលវេលាកំណត់ណាមួយក៏ដោយ។ ទាំងកងកម្លាំងក្រុមឧទ្ទាម និងកងទ័ពរដ្ឋាភិបាលបាន «បញ្ឈប់ការរុលទៅមុខ» ចាប់តាំងពីថ្ងៃពុធ។

ក្រុមនេះក៏បាននិយាយផងដែរថា យោធាដែលមិនទាន់បានធ្វើអត្ថាធិប្បាយលើកិច្ចព្រមព្រៀង បានយល់ព្រមបញ្ឈប់ការវាយប្រហារតាមអាកាសផងដែរ។
កងទ័ពរំដោះជាតិ Ta'ang (TNLA) គឺជាផ្នែកមួយនៃសម្ព័ន្ធភាតរភាពចំនួនបី ដែលរួមមានកងទ័ពសម្ព័ន្ធប្រជាធិបតេយ្យជាតិមីយ៉ាន់ម៉ា និងកងទ័ពអារ៉ាកាន។ ពួកគេបានប្រយុទ្ធគ្នារយៈពេលជាច្រើនទសវត្សរ៍មកហើយដើម្បីទទួលបានស្វ័យភាពកាន់តែធំធេងពីរដ្ឋាភិបាលកណ្តាលរបស់សហភាពមីយ៉ាន់ម៉ា ហើយមានសម្ព័ន្ធភាពជាមួយក្រុមតស៊ូគាំទ្រលទ្ធិប្រជាធិបតេយ្យដែលបង្ហាញខ្លួនបន្ទាប់ពីកងទ័ពបានទម្លាក់រដ្ឋាភិបាលជាប់ឆ្នោត និងបានដណ្តើមអំណាចកាលពីខែកុម្ភៈ ឆ្នាំ២០២១។