ក្រុមមន្រ្តីនិយាយនៅថ្ងៃព្រហស្បតិ៍នេះថា អ៊ុយក្រែនបានរឹតត្បិតការផ្គត់ផ្គង់ថាមពលទូទាំងប្រទេស ក្រោយការវាយប្រហាររបស់រុស្ស៊ីបណ្តាលឲ្យខូចខាតហេដ្ឋារចនាសម្ព័ន្ធថាមពល និងបណ្តាលឲ្យមនុស្ស ១៣នាក់ រងរបួសនៅទីក្រុងភាគអាគ្នេយ៍ Zaporizhzhia ។
លោក Ivan Fedorov គឺជាអភិបាលក្រុង Zaporizhzhia និយាយថា ក្មេងៗ ៦នាក់ ស្ថិតនៅក្នុងចំណោមអ្នករងរបួសទាំង ១៣នាក់ អំឡុងការវាយប្រហារលើទីក្រុងរបស់លោក ដែលបានធ្វើឲ្យខូចខាតអគារផ្ទះល្វែង ៥ខ្នង និងហេដ្ឋារចនាសម្ព័ន្ធថាមពល ។

លោក Fedorov បន្ត ជនរងគ្រោះទាំងនេះ មានស្នាមជាំ បាក់ឆ្អឹង ភ័យស្លន់ស្លោ និងរងការប៉ះទង្គិចផ្នែកខួរក្បាលខ្លាំង ។
កងកម្លាំងរុស្ស៊ី បានវាយប្រហារគោលដៅថាមពលមុនរដូវរងាដែលត្រូវការកម្តៅច្រើន ធ្វើឲ្យកាត់ផ្តាច់ចរន្តអគ្គិសនីដល់ពលរដ្ឋអ៊ុយក្រែនរាប់ម៉ឺនគ្រួសារ ។
នាយករដ្ឋមន្រ្តីអ៊ុយក្រែនលោក Yulia Svyrydenko និយាយថា រុស្ស៊ីព្យាយាមធ្វើឲ្យមានគ្រោះថ្នាក់មនុស្សធម៌នៅអ៊ុយក្រែន គាប់ជួននឹងរដូវរងាជិតមកដល់ ក្រោយការវាយប្រហារតាមច្រកអាកាសទ្រង់ទ្រាយធំមួយទៀត កាលពីសប្តាហ៍មុន ៕
