រដ្ឋមន្ត្រីការបរទេសរបស់ប្រទេសម្ចាស់ផ្ទះ បានឲ្យដឹងនៅថ្ងៃព្រហស្បតិ៍ (ទី៣០ ខែតុលា) នេះថា ប្រទេសជាសមាជិកនៃវេទិកាសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ី-ប៉ាស៊ីហ្វិក (APEC) ជិតឈានដល់ការឯកភាពគ្នាលើសេចក្តីប្រកាសរួមមួយ នៅឯកិច្ចប្រជុំកំពូលប្រចាំឆ្នាំ ក្នុងប្រទេសកូរ៉េខាងត្បូងដែលចាប់ផ្តើមនៅថ្ងៃសុក្រ។
APEC គឺជាវេទិកាមិនជាប់ចំណងផ្លូវច្បាប់ដែលមានសមាជិកចំនួន ២១ ពោលគឺជាក្រុមប្រទេសដែលមានកម្រិតស្មើនឹង ៥០ភាគរយនៃពាណិជ្ជកម្មពិភពលោក និង ៦១ភាគរយនៃផលិតផលក្នុងស្រុកសរុប (GDP) ហើយកិច្ចប្រជុំនៅឆ្នាំនេះ ត្រូវបានគ្របដណ្ដប់ដោយគោលនយោបាយគាំពារនិយមរបស់ប្រធានាធិបតីអាមេរិក លោក Donald Trump។

នៅក្នុងសន្និសីទ រួមមួយជាមួយរដ្ឋមន្ត្រីពាណិជ្ជកម្ម លោក Yeo Han-koo បន្ទាប់ពីធ្វើជាប្រធានកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីដែលធ្វើឡើងមុនកិច្ចប្រជុំកំពូលរបស់មេដឹកនាំ លោករដ្ឋមន្ត្រី Cho Hyun បាននិយាយថា៖ «កិច្ចប្រជុំរបស់យើង ប្រព្រឹត្តទៅប្រកបដោយភាពស្និទ្ធស្នាលណាស់»។
លោក Cho បានបន្ថែមថា ការពិភាក្សាគ្នានៅតែបន្តមាន ពាក់ព័ន្ធនឹងសេចក្តីថ្លែងការណ៍រួម សូម្បីតែក្នុងកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីនេះផ្ទាល់ ប៉ុន្តែលោកបានបន្ថែមថា លោកសង្ឃឹមថា វានឹងត្រូវបានអនុម័តរួមគ្នា ដោយមានការប្រកាសរបស់មេដឹកនាំ នៅពេលដែលកិច្ចប្រជុំកំពូល បានបញ្ចប់នៅថ្ងៃសៅរ៍ចុងសប្ដាហ៍នេះ។
លោក Trump បានចាកចេញពីកូរ៉េខាងត្បូងនៅថ្ងៃព្រហស្បតិ៍នេះ បន្ទាប់ពីបានឈានដល់កិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយប្រទេសចិន នាពេលព្រឹក។ ហើយលោកក៏បានធ្វើកិច្ចព្រមព្រៀងពន្ធគយជាផ្លូវការជាមួយកូរ៉េខាងត្បូង កាលពីថ្ងៃពុធ បន្ទាប់ពីនៅមុននេះសម្រេចបានកិច្ចព្រមព្រៀងពាណិជ្ជកម្មមួយចំនួន នៅខាងក្រៅកិច្ចប្រជុំកំពូលអាស៊ីអាគ្នេយ៍ នៅប្រទេសម៉ាឡេស៊ី ក្នុងដំណើរទស្សនកិច្ចរបស់លោក នៅតំបន់អាស៊ី៕
