ប្រធានាធិបតីស៊ីរីលោក Ahmed al-Sharaa បាននិយាយនៅកិច្ចប្រជុំរបស់អង្គការគំនិតផ្តួចផ្តើមវិនិយោគអនាគត(FII) ក្នុងទីក្រុង Riyadh ប្រទេសអារ៉ាប៊ីសាអ៊ូឌីតកាលពីថ្ងៃពុធថា ស៊ីរីទាក់ទាញការវិនិយោគបរទេសសរុបទឹកប្រាក់ប្រហែល ២៨ពាន់លានដុល្លារ មកទល់នឹងពេលនេះ ក្នុងឆ្នាំនេះ ។
លោក Sharaaនិយាយនៅក្នុងកិច្ចប្រជុំដែលមានការចូលរួមពីរជ្ជទាយាទអារ៉ាប៊ីសាអ៊ូឌីតព្រះអង្គម្ចាស់ Mohammed bin Salman ថា ច្បាប់ស៊ីរីត្រូវបានធ្វើវិសោធនកម្ម ដើម្បីអនុញ្ញាតឲ្យក្រុមវិនិយោគបរទេសផ្ទេរមូលនិធិចេញពីប្រទេសបាន ។

សុន្ទរកថារបស់លោក Sharaa ទៅកាន់ថ្នាក់ដឹកនាំហិរញ្ញវត្ថុ ធនាគារ និងថាមពលសកលគឺជារឿងដែលមិនអាចគិតដល់ កាលពីរយៈប៉ុន្មានឆ្នាំមុន ។
មុនពេលផ្តួលរំលំរបបរបស់លោក Bashar al-Assad កាលពីឆ្នាំ ២០២៤ លោក Sharaa ធ្លាប់ជាមេបញ្ជាការរបស់ក្រុមអាល់កៃដានៅស៊ីរី អំឡុងសង្រ្គាមស៊ីវិល ។
លោក Sharaa បានបំពេញដំណើរទស្សនកិច្ចជាបន្តបន្ទាប់នៅក្រៅប្រទេស ស្របពេលដែលរដ្ឋាភិបាលអន្តរកាលរបស់លោក ព្យាយាមបង្កើតទំនាក់ទំនងស៊ីរីឡើងវិញជាមួយប្រទេសមហាអំណាចពិភពលោកដែលគេចវេសពីទីក្រុងដាម៉ាស អំឡុងការគ្រប់គ្រងអំណាចរបស់លោក Assad ៕
