សហរដ្ឋអាមេរិក និងចិន បានព្រមព្រៀងគ្នាកាលពីថ្ងៃព្រហស្បតិ៍ (៣០ តុលា) ក្នុងការផ្អាកយកថ្លៃសេវាកំពង់ផែ ១ឆ្នាំ នៅលើនាវាដឹកទំនិញរបស់គ្នាទៅវិញទៅមក ដែលធ្លាប់ជាចំណុចខឹងសម្បារដ៏សំខាន់ក្នុងជម្លោះពាណិជ្ជកម្មកាន់តែទូលំទូលាយរវាងប្រទេសមានសេដ្ឋកិច្ចធំជាងគេទាំងពីរ ហើយបានបង្កើនថ្លៃដឹកជញ្ជូនតាមសមុទ្រ។

ការផ្អាកថ្លៃកំពង់ផែនេះ បានផ្តល់នូវការបន្ធូរបន្ថយរយៈពេល ១២ខែ នៃតម្លៃប៉ាន់ប្រមាណ ៣,២ពាន់លានដុល្លារជារៀងរាល់ឆ្នាំ សម្រាប់នាវាធំៗសាងសង់ដោយចិន ដែលកំពុងធ្វើដំណើរទៅកាន់កំពង់ផែសហរដ្ឋអាមេរិក ហើយជំហាននេះក៏ស្ថិតនៅក្នុងចំណោមកិច្ចព្រមព្រៀងពាណិជ្ជកម្មសំខាន់ៗដែលសម្រេចបានក្នុងជំនួបកូរ៉េខាងត្បូង រវាងលោកប្រធានាធិបតីអាមេរិក Donald Trump និងប្រធានាធិបតីចិន លោក Xi Jinping។

គួររម្លឹកថា នៅដើមឆ្នាំនេះ រដ្ឋបាលលោក Trump បានប្រកាសពីផែនការ "ពិន័យជំពូកទី៣០១" ដែលនឹងយកថ្លៃសេវាលើនាវាដែលមានទំនាក់ទំនងជាមួយចិន ដើម្បីបន្ធូរបន្ថយការក្ដោបក្តាប់របស់ទីក្រុងប៉េកាំង លើឧស្សាហកម្មដែនសមុទ្រពិភពលោក និងជំរុញវិស័យកសាងនាវារបស់សហរដ្ឋអាមេរិក។
ក្រសួងពាណិជ្ជកម្មចិន បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ការផ្អាកថ្លៃចំណតផែនៅអាមេរិកនេះ ត្រូវបានអនុវត្តចំពោះការពិន័យជំពូកទី៣០១ "ទាក់ទងនឹងវិស័យដែនសមុទ្រ ភស្តុភារ និងការសាងសង់នាវារបស់ប្រទេសចិន"។ ជាការឆ្លើយតប ចិនក៏នឹងផ្អាកវិធានការតបត និងការយកថ្លៃលើនាវាដែលមានទំនាក់ទំនងជាមួយអាមេរិកដូចគ្នាដែរ៕