យោងតាមអង្គការសុខភាពពិភពលោក(WHO) និងបណ្តាញគ្រូពេទ្យស៊ូដង់ បានឱ្យដឹងថា កងកម្លាំងគាំទ្ររហ័ស(RSF) នៅប្រទេសស៊ូដង់បានសម្លាប់អ្នកជំងឺនិងបុគ្គលិករាប់រយនាក់នៅក្នុងមន្ទីរពេទ្យមួយកន្លែងក្នុងទីក្រុង El Fasher បន្ទាប់ពីក្រុមទាហានប៉ារ៉ា បានអះអាងការគ្រប់គ្រងទីក្រុងនេះ កាលពីថ្ងៃអាទិត្យ។
អគ្គលេខាធិការអង្គការសុខភាពពិភពលោក(WHO) លោក Tedros Adhanom Ghebreyesus បាននិយាយថា លោក «រន្ធត់ចិត្ត និងតក់ស្លុតជាខ្លាំង» ចំពោះរបាយការណ៍ដែលថាមនុស្សជាង៤៦០នាក់ត្រូវបានសម្លាប់នៅមន្ទីរពេទ្យសម្ភពអារ៉ាប៊ីសាអ៊ូឌីត នៅក្នុងការបង្ហោះនៅលើបណ្តាញ X.។
ជាមួយគ្នានេះ ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិកាលពីថ្ងៃព្រហស្បតិ៍ បានថ្កោលទោសការវាយប្រហាររបស់កងកម្លាំងគាំទ្ររហ័សយោធាប៉ារ៉ា(RSF) លើទីក្រុង al-Fashir នៅរដ្ឋ North Darfur ប្រទេសស៊ូដង់។ លោកស្រី Martha Ama Akyaa Pobee មន្ត្រីជាន់ខ្ពស់អង្គការសហប្រជាជាតិប្រចាំទ្វីបអាហ្រ្វិក បានប្រាប់ក្រុមប្រឹក្សាថា «គ្មាននរណាម្នាក់មានសុវត្ថិភាពនៅក្នុងទីក្រុង al-Fashir ទេ» «ហានិភ័យនៃអំពើឃោរឃៅទ្រង់ទ្រាយធំ អំពើហិង្សា និងការរំលោភបំពានបន្ថែមទៀតលើច្បាប់មនុស្សធម៌អន្តរជាតិ រួមទាំងអំពើហិង្សាផ្លូវភេទ នៅតែមានកម្រិតគួរឱ្យព្រួយបារម្ភនៅទូទាំងប្រទេសស៊ូដង់ និងជាពិសេសនៅទីក្រុង al-Fashir»។ សង្គ្រាមបានផ្ទុះឡើងកាលពីថ្ងៃទី១៥ ខែមេសា រយៈពេលបួនឆ្នាំបន្ទាប់ពីការផ្តួលរំលំអតីតប្រធានាធិបតី លោក Omar al-Bashir អំឡុងការបះបោរដ៏ខ្លាំងក្លាមួយ។ ភាពតានតឹងរវាងកងទ័ព(SAF) និងកងកម្លាំងគាំទ្ររហ័សយោធាប៉ារ៉ា (RSF) ដែលរួមគ្នាធ្វើរដ្ឋប្រហារក្នុងឆ្នាំ២០២១ បានផ្ទុះឡើងជុំវិញការខ្វែងគំនិតគ្នាអំពីផែនការផ្លាស់ប្តូរទៅរកការគ្រប់គ្រងបែបស៊ីវិល។