របាយការណ៍ស្ដីពីសុខភាព និងបម្រែបម្រួលអាកាសអាតុឆ្នាំ២០២៥ របស់ទិនានុប្បវត្តិ The Lancet ដែលធ្វើការសម្របសម្រួលយ៉ាងជិតស្និទ្ធជាមួយអង្គការសុខភាពពិភពលោក (WHO) បានចេញផ្សាយនៅថ្ងៃពុធ (២៩ តុលា) សប្ដាហ៍នេះថា មនុស្សជាង ១,៧លាននាក់ បានស្លាប់នៅឥណ្ឌា ក្នុងកំឡុងឆ្នាំ២០២២ ពីការប៉ះពាល់នឹងកំហាប់ភាគល្អិតនិចល PM 2.5 ដែលជាសារធាតុបំពុលខ្យល់ដ៏កំណាច។
របាយការណ៍ពិភពលោកនេះបានបញ្ជាក់ថា វិបត្តិអាកាសធាតុមិនត្រឹមតែជាឃាតករដ៏ធំបំផុតនៅឥណ្ឌាប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងប៉ះពាល់ដល់សេដ្ឋកិច្ចរបស់ខ្លួនយ៉ាងខ្លាំងផងដែរ។ របាយការណ៍ប៉ាន់ប្រមាណថា ការប៉ះពាល់នឹងកម្ដៅខ្លាំងនៅក្នុងឆ្នាំ២០២៤ បណ្តាលឱ្យបាត់បង់ ២៤៧ពាន់លានម៉ោងការងារ ដែលភាគច្រើនក្នុងវិស័យកសិកម្ម និងសំណង់ ដែលស្មើនឹងការខាតបង់សេដ្ឋកិច្ចប្រហែល ១៩៤ពាន់លានដុល្លារ។
ខណៈដែលរលកកម្ដៅមិនមែនជារឿងថ្មីទេសម្រាប់ឥណ្ឌា ភាពកាន់តែញឹកញាប់និងខ្លាំងក្លារបស់កម្ដៅ បានកើនឡើងជាលំដាប់ក្នុងប៉ុន្មានទសវត្សរ៍កន្លងមកនេះ ដោយសារតែការកើនឡើងនៃកម្ដៅផែនដីទូទាំងពិភពលោក។
របាយការណ៍រកឃើញថា ការស្លាប់ទាក់ទងនឹងកម្ដៅកើនឡើង ២៣% នៅទូទាំងសកលលោក ចាប់តាំងពីទសវត្សរ៍ឆ្នាំ១៩៩០មក ជាមួយនឹងការស្លាប់ជាមធ្យមប្រហែល ៥៤៦.០០០នាក់ ក្នុងមួយឆ្នាំៗ៕
 
	                 
	                 
	                 
                     
                         
                         
                         
                         
                     
                         
                         
                         
                         
                         
                     
                             
                         
                             
                         
                             
                         
                            