ក្រុមបាតុករបានជួបជុំគ្នានៅក្រៅស្ថានទូតសហរដ្ឋអាមេរិកប្រចាំនៅទីក្រុងសេអ៊ូលនាថ្ងៃសុក្រនេះ ដើម្បីតវ៉ាប្រឆាំងនឹងលទ្ធផលកិច្ចប្រជុំកំពូលសហរដ្ឋអាមេរិក-កូរ៉េខាងត្បូង ដោយពួកគេបង្ហាញពីការខឹងសម្បារចំពោះកិច្ចព្រមព្រៀងផ្តាច់ព្រ័ត្រដែលកូរ៉េខាងត្បូងត្រូវវិនិយោគលើការសាងសង់រោងចក្រផលិតនាវានៅសហរដ្ឋអាមេរិក ជាការដោះដូរនឹងអត្រាពន្ធបដិកាទាប ។
ក្រុមបាតុករប្រឆាំងលោក Trump នំាគ្នាកាន់បដាសរសេរពាក្យស្លោក “គ្មានស្តេច” និងនាំគ្នាស្រែកពាក្យ “ពួកយើងមិនមែនជាទាសកររបស់លោក Trump” និងបានជាន់ឈ្លីប្រអប់តំណាងឲ្យគោលនយោបាយរបស់លោកប្រធានាធិបតី Donald Trump ដើម្បីបង្ហាញការមិនពេញចិត្តរបស់ពួកគេ ។

បាតុករម្នាក់និយាយថា លោកមានភាពអាម៉ាស់យ៉ាងខ្លាំងពេលមើលឃើញប្រធានាធិបតីកូរ៉េខាងត្បូងលោក Lee Jae Myung ផ្តល់អំណោយគ្រឿងឥស្សរិយយសមកុដមាសចម្លង ខណៈដែលពលរដ្ឋអាមេរិកស្រែកពាក្យ “គ្មានស្តេច” ប្រឆាំងប្រធានាធិបតីសហរដ្ឋអាមេរិករូបនេះ ។
លោក Trump និងក្រុមមន្រ្តីកូរ៉េខាងត្បូង ប្រកាសនៅក្នុងសប្តាហ៍នេះថា ក្រុមមេដឹកនាំប្រទេសទាំង ២ បានបញ្ចប់រឿងរ៉ាវលម្អិតនៃកិច្ចព្រមព្រៀងពាណិជ្ជកម្មដ៏តានតឹងរបស់ពួកគេលើវិធីសាស្រ្តរៀបចំផែនការវិនិយោគទឹកប្រាក់ ៣៥០ពាន់លានដុល្លារ នៅសហរដ្ឋអាមេរិក ជាការដោះដូរនឹងការកាត់បន្ថយពន្ធនាំចូលលើទំនិញកូរ៉េខាងត្បូង ។
ចំណុចស្នូលនៃកិច្ចព្រមព្រៀងនេះ គឺកំណត់ពន្ធលើរថយន្តកូរ៉េ និងគ្រឿងបង្គុំកូរ៉េមកនៅត្រឹម ១៥ ភាគរយ ធ្លាក់ចុះពីតម្លៃពន្ធបច្ចុប្បន្ន ២៥ភាគរយ ដើម្បីធ្វើឲ្យពួកគេស្មើភាពគ្នាជាមួយគូប្រជែងជប៉ុន ។
សហរដ្ឋអាមេរិកគឺជាទីផ្សារសំខាន់របស់ក្រុមហ៊ុនរថយន្ត Hyundai Motor និង Kia Corp ដែលក្រុមហ៊ុនទាំង ២នេះ រួមគ្នាក្លាយជាក្រុមហ៊ុនផលិតរថយន្តធំបំផុតរបស់ពិភពលោក ៕
