ក្រុមបាតុកររាប់រយនាក់ បានប៉ះទង្គិចគ្នាជាមួយក្រុមនគរបាលនៅរដ្ឋធានពាណិជ្ជម្ម Dar-es-Salaam របស់ប្រទេសតង់ហ្សានី នៅថ្ងៃទី ៣នៃបាតុកម្មរបស់ពួកគេ បន្ទាប់ពីការបោះឆ្នោតជម្លោះ និងវឹកវរ ដើម្បីទាមទារឲ្យគណៈកម្មាធិការរៀបចំការបោះឆ្នោត ឈប់ប្រកាសលទ្ធផលបោះឆ្នោត ។
បាតុកម្មនៅថ្ងៃសុក្រនេះ បានកើតមានឡើង ស្របពេលដែលរដ្ឋាភិបាលដាក់ពង្រាយយោធានៅតាមដងផ្លូវ និងបង្ខំបិទប្រព័ន្ធអ៊ីនធឺណិត ។
កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញ នៅទីក្រុង Dar-es-Salaam ដែលមានពលរដ្ឋរស់នៅជាង ៧លាននាក់ ក្រុមបាតុករបានផ្គើនបំរាមគោចរនៅសង្កាត់ Mbagala, Gongo la Mboto និងសង្កាត់ Kiluvya ជាហេតុបង្ខំឲ្យក្រុមនគរបាលបាញ់ឧស្ម័នបង្ហូរទឹក និងឮស្នូរគ្រាប់កាំភ្លើង ។

គួរឲ្យដឹងថា ភាពវឹកវរបានផ្ទុះឡើងកាលពីរសៀលថ្ងៃពុធ ពេលដែលក្រុមយុវជននាំគ្នាដង្ហែរក្បួនតាមដងផ្លូវ ដើម្បីតវ៉ានឹងការបោះឆ្នោតមានការរឹតត្បិត និងការយាយីមេដឹកនាំគណបក្សប្រឆាំង ។ រថយន្តជាច្រើគ្រឿង ស្ថានីយ៍ប្រេង និងស្នងការដ្ឋាននគរបាល ត្រូវបានដុតជាអគ្គិភ័យដោយក្រុមបាតុករ ។
ក្រុមលើកលែងទោសអន្តរជាតិ រាយការណ៍ថា មនុស្សយ៉ាងហោច ២នាក់ បានស្លាប់ក្នុងសប្តាហ៍នេះ ។
ទូរទស្សន៍រដ្ឋ បានចាក់ផ្សាយលទ្ធផលគោលនៃការបោះឆ្នោតកាលពីថ្ងៃពុធ ពេលគណបក្ស Chama Cha Mapinduzi ដែលបានគ្រប់គ្រងប្រទេសតង់ហ្សានីចាប់តាំងពីទទួលបានឯករាជ្យកាលពីឆ្នាំ ១៩៦១រហូតមកនោះ ព្យាយាមបន្តគ្រប់គ្រងអំណាចរបស់ពួកគេ ។
ការបោះឆ្នោតកាលពីថ្ងៃពុធ គេមើលឃើញគូប្រជុំធំបំផុតចំនួន ២របស់លោកស្រីប្រធានាធិបតី Samia Suluhu Hassan ត្រូវបានដកចេញពីការប្រកួតប្រជែង ធ្វើឲ្យពលរដ្ឋមានការខឹងសម្បារយ៉ាងខ្លាំង ក៏ដូចជាក្រុមសិទ្ធិមនុស្សដែលបានថ្កោទោសការបង្រ្កាបយ៉ាងចាស់ដៃប្រឆាំងសមាជិកក្រុមប្រឆាំង ក្រុមសកម្មជន និងក្រុមអ្នកសារព័ត៌មាន ៕
