គណបក្ស Chadema ដែលជាបក្សប្រឆាំងដ៏ធំមួយ បានប្រាប់សារព័ត៌មាននៅថ្ងៃសុក្រ (ទី៣១ ខែតុលា) នេះថា មនុស្សប្រហែល ៧០០នាក់ បានស្លាប់ អំឡុងការតវ៉ាជំទាស់នឹងលទ្ធផលនៃការបោះឆ្នោតរយៈពេល ៣ថ្ងៃ នៅក្នុងប្រទេសតង់ហ្សានី។
អ្នកនាំពាក្យរបស់បក្ស លោក John Kitoka បាននិយាយថា ក្រុមអ្នកតវ៉ាបានដើរដង្ហែតវ៉ាសំដៅទៅតំបន់កណ្ដាលទីក្រុង ក្នុងរដ្ឋធានីសេដ្ឋកិច្ច Dar es Salaam នាថ្ងៃសុក្រនេះ។
លោកបានបញ្ជាក់បន្ថែមថា៖ «នៅពេលយើងនិយាយពីតួលេខនៃការស្លាប់ ក្នុងទីក្រុង Dar (es Salaam) គឺប្រហែល ៣៥០នាក់ ហើយសម្រាប់ទីក្រុង Mwanza វាគឺលើសពី ២០០នាក់។ បន្ថែមលើតួលេខពីកន្លែងផ្សេងទៀត នៅជុំវិញប្រទេស តួលេខសរុប គឺប្រហែល ៧០០នាក់»។
ចំណែកប្រភពសន្តិសុខ បានប្រាប់សារព័ត៌មានថា ពួកគេកំពុងឮពីចំនួនប្រហាក់ប្រហែលគ្នានេះ ហើយថា តួលេខទាំងនេះ ត្រូវបានផ្សព្វផ្សាយនៅក្នុងជួរកងទ័ពតង់ហ្សានី។ រីឯអង្គការលើកលែងទោសអន្តរជាតិ បានឲ្យដឹងថា ខ្លួនបានទទួលព័ត៌មានថា មនុស្ស ១០០នាក់យ៉ាងតិច ត្រូវបានសម្លាប់។
លោក Kitoka បាននិយាយថា ការរាប់ចំនួនរបស់គណបក្ស Chadema ត្រូវបានប្រមូលដោយបណ្តាញសមាជិកគណបក្សដែលធ្វើដំណើរ ជុំវិញមន្ទីរពេទ្យ និងគ្លីនិកសុខភាព «រាប់សាកសព»៕