មន្ត្រីនិយាយថា រដ្ឋាភិបាលដែលគ្រប់គ្រងដោយក្រុមហ៊ួទីនៅប្រទេសយេម៉ែននឹងជម្រះក្តីលើបុគ្គលិកអង្គការសហប្រជាជាតិរាប់សិបនាក់ដែលត្រូវបានឃុំខ្លួនដោយចោទប្រកាន់ពួកគេថាធ្វើចារកម្មឲ្យអ៊ីស្រាអែល ឬមានទំនាក់ទំនងទៅនឹងការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែលដែលបានសម្លាប់នាយករដ្ឋមន្ត្រី។
លោក Abdulwahid Abu Ras រដ្ឋមន្ត្រីការបរទេសស្តីទីរបស់ប្រទេសយេម៉ែន បានប្រាប់ទីភ្នាក់ងារសារព័ត៌មាន Reuters កាលពីថ្ងៃសុក្រថា ក្រុមមួយនៅក្នុងកម្មវិធីស្បៀងអាហារពិភពលោករបស់អង្គការសហប្រជាជាតិ បានជាប់ពាក់ព័ន្ធក្នុងការដាក់គោលដៅដោយផ្ទាល់ទៅលើរដ្ឋាភិបាល។

នាយករដ្ឋមន្ត្រីរបស់ក្រុមហ៊ួទី និងរដ្ឋមន្ត្រី៩នាក់ផ្សេងទៀតត្រូវបានសម្លាប់នៅក្នុងការវាយប្រហាររបស់អ៊ីស្រាអែលលើរដ្ឋធានីសាណាកាលពីខែសីហា ជាការវាយប្រហារលើកដំបូងក្នុងការសម្លាប់មន្ត្រីជាន់ខ្ពស់។
អង្គការសហប្រជាជាតិ ដែលបានបដិសេធដដែលនូវការចោទប្រកាន់របស់ក្រុមហ៊ួទី បាននិយាយកាលពីថ្ងៃសុក្រថា បុគ្គលិកអង្គការសហប្រជាជាតិសរុបចំនួន ៣៦ នាក់ត្រូវបានចាប់ខ្លួន ក្រោយការវាយប្រហាររបស់អ៊ីស្រាអែល។ ស្ថាប័ននេះនិយាយថា យ៉ាងហោចណាស់បុគ្គលិកអង្គការសហប្រជាជាតិចំនួន៥៩ នាក់ត្រូវបានឃុំខ្លួនដោយក្រុមនេះ។
លោក Abu Ras បានប្រាប់សារព័ត៌មានរ៉យទ័រថា ទីភ្នាក់ងារសន្តិសុខកំពុងមានចំណាត់ការ «ក្រោមការត្រួតពិនិត្យពេញលេញរបស់តុលាការ» ហើយវាប្រាកដណាស់ថាដំណើរការនេះនឹងនាំទៅរកការជម្រះក្តីនិងការចេញសេចក្តីសម្រេចរបស់តុលាការ។
