លោកប្រធានាធិបតីចិន Xi Jinping បានប្រកាសនៅថ្ងៃសៅរ៍ (១ វិច្ឆិកា) នេះថា ទីក្រុង ស៊ិនជិន (Shenzhen) ដែលជាមជ្ឈមណ្ឌលបច្ចេកវិទ្យាភាគខាងត្បូង នឹងធ្វើម្ចាស់ផ្ទះកិច្ចប្រជុំកំពូលនៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ីប៉ាស៊ីហ្វិក (APEC) លើកទី៣៣ នៅខែវិច្ឆិកា ឆ្នាំ២០២៦ នាពេលខាងមុខ។
ថ្លែងសុន្ទរកថានៅឯពិធីផ្ទេរតំណែងម្ចាស់ផ្ទះ APEC លោក Xi បានលើកឡើងពីសារៈសំខាន់នៃការកសាងសហគមន៍អាស៊ីប៉ាស៊ីហ្វិក ហើយបាននិយាយថា ការអភិវឌ្ឍយូរអង្វែង និងវិបុលភាពក្នុងតំបន់ អាចសម្រេចបានតាមរយៈចក្ខុវិស័យរួមគ្នាតែប៉ុណ្ណោះ។

លោក Xi បាននិយាយថា "ប្រទេសចិន មានឆន្ទៈក្នុងការចាប់យកឱកាសនៃការធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំនៅឆ្នាំក្រោយនេះ ដើម្បីធ្វើការជាមួយភាគីទាំងអស់ ក្នុងការកសាងសហគមន៍អាស៊ីប៉ាស៊ីហ្វិក និងដើម្បីលើកកម្ពស់ (សេដ្ឋកិច្ច) កំណើន និងវិបុលភាពនៅក្នុងតំបន់"។
លោក Xi បានបន្ថែមថា ខណៈដែលស៊ិនជិន ធ្លាប់ជាភូមិនេសាទដ៏តូចកាលពី ១ទស្សវត្សរ៍មុន ពេលនេះទីក្រុងនេះបានប្តូរទៅជាទីក្រុងទំនើបលំដាប់អន្តរជាតិ ដែលបច្ចុប្បន្ន បានក្លាយជាក្បាលម៉ាស៊ីននៃកំណើនដ៏សំខាន់របស់ចិន។ ក្នុងសញ្ញាថា ក្រុងស៊ិនជិននឹងដើរតួនាទីជាវេទិកាដ៏សំខាន់មួយដើម្បីបង្ហាញពី "យុទ្ធសាស្ត្រដ៏ខ្ជាប់ខ្ជួន និងផលប្រយោជន៍ទៅវិញទៅមករបស់ចិន" លោក Xi បានគូសបញ្ជាក់ម្តងទៀតអំពីសារៈសំខាន់នៃពហុភាគីនិយម៕

