លោកប្រធានាធិបតីអាមេរិក Donald Trump បានលើកឡើងថា លោកប្រធានាធិបតីចិន Xi Jinping បានធានាប្រាប់លោកថា ទីក្រុងប៉េកាំង នឹងមិនចាត់វិធានការណាមួយឆ្ពោះទៅរកគោលដៅដែលបានបញ្ជាក់ជាយូរមកហើយលើការបង្រួបបង្រួមកោះតៃវ៉ាន់ជាមួយប្រទេសចិនដីគោកនោះទេ ខណៈពេលដែលប្រធានាធិបតីអាមេរិកមកពីបក្សសាធារណរដ្ឋរូបនេះ កំពុងកាន់តំណែង។

លោក Trump ធ្លាប់និយាយថា បញ្ហាកោះតៃវ៉ាន់ មិនបានលើកយកទៅក្នុងកិច្ចពិភាក្សារបស់លោក ជាមួយលោក Xi កាលពីថ្ងៃព្រហស្បតិ៍សប្ដាហ៍មុននៅកូរ៉េខាងត្បូងឡើយ ដែលភាគច្រើនផ្តោតលើភាពតានតឹងពាណិជ្ជកម្មរវាងសហរដ្ឋអាមេរិក និងចិន ប៉ុណ្ណោះ។ យ៉ាងណាមិញ លោកបានបង្ហាញជំនឿចិត្តថា ចិននឹងមិនចាត់វិធានការលើកោះតៃវ៉ាន់ទេ ពេលលោកនៅកាន់តំណែងជាប្រធានាធិបតីអាមេរិក។
ថ្លែងក្នុងបទសម្ភាសន៍ជាមួយប្រព័ន្ធផ្សាព្វផ្សាយ CBS ដែលចាក់ផ្សាយនៅថ្ងៃអាទិត្យ (២ វិច្ឆិកា) លោក Trump បាននិយាយថា៖ លោក Xi និងមន្រ្តីរបស់លោក បាននិយាយដោយបើកចំហនៅក្នុងកិច្ចប្រជុំកំពូលនោះថា "នឹងមិនធ្វើអ្វីឡើយ ខណៈពេលប្រធានាធិបតី Trump នៅជាប្រធានាធិបតី"។
គួរឱ្យដឹងថា អាណត្តិទីពីររបស់លោក Trump នឹងបញ្ចប់នៅខែមករា ឆ្នាំ២០២៩។ ទាក់ទងនឹងបញ្ហានេះ ស្ថានទូតចិនប្រចាំទីក្រុងវ៉ាស៊ីនតោន មិនបានឆ្លើយតបភ្លាមៗចំពោះសំណើសុំការអត្ថាធិប្បាយទេ។ ចំណែកសេតវិមានវិញក៏មិនបានផ្តល់សេចក្ដីលម្អិតបន្ថែមអ្វីដែរជុំវិញរឿងនេះ៕
