ក្រុមគ្រូពេទ្យនៃមន្ទីរបង្អែកខេត្តកោះកុង នៅព្រឹកថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២៥ ចុះបេសកម្មពិនិត្យព្យាបាលជំងឺទូទៅ អប់រំសុខភាពមាត់ធ្មេញជូនប្រជាពលរដ្ឋនៅឃុំថ្មដូនពៅ ស្រុកថ្មបាំង។
លោកវេជ្ជបណ្ឌិត ហៃ ឡៃសុន ប្រធានមន្ទីរពេទ្យបង្អែកខេត្តកោះកុង បានឲ្យដឹងថា រៀងរាល់១ត្រីមាសម្តង មន្ទីរពេទ្យរបស់លោក តែងមានបេសកម្មចុះត្រួតពិនិត្យព្យាបាលជំងឺទូទៅ អប់រំសុខភាពធ្មេញនៅតាមសហគមន៍ជូនពលរដ្ឋ។
លោកវេជ្ជបណ្ឌិត បានបន្តថា ក្រៅពីការពិនិត្យព្យាបាលជំងឺ និងអប់រំសុខភាព ក្រុមគ្រូពេទ្យស្រាវជ្រាវពីជំងឺដែលប្រជាពលរដ្ឋកំពុងកើតមាន និងពង្រឹងប្រព័ន្ធបញ្ជូនអ្នកជំងឺមកកាន់មន្ទីរពេទ្យខេត្តបានឆាប់រហ័ស។
លោក ទិត្យ ប៉ុក និងអ្នកស្រី អុឹម សុខា ជាប្រជាពលរដ្ឋរស់នៅឃុំថ្មដូនពៅ បានចាត់ទុកថា បេសកកម្មចុះពិនិត្យព្យាបាល និងអប់រំសុខភាពរបស់ក្រុមគ្រូពេទ្យនៅពេលនេះ ពិតជាមានសារៈសំខាន់ណាស់សម្រាប់ដែលនៅឆ្ងាយដាច់ស្រយោល។
ពលរដ្ឋ បានបន្ថែមទៀតថា ពួកគាត់មិនចំណាយថវិកា និងពេលវេលាធ្វើដំណើរទៅកាន់មន្ទីរពេទ្យបង្អែកខេត្ត ហើយអាចព្យាបាលជំងឺបានដោយសុវត្ថិភាពផងដែរ។ ពលរដ្ឋឃុំថ្មដូនពៅ ក៏សូមអរគុណដល់ក្រុមគ្រូពេទ្យខេត្តដែលបានយកចិត្តដាក់ខ្ពស់លើការអប់រំសុខភាព និងព្យាបាលជំងឺទូទៅជូនដល់ពួកគាត់ឥតគិតថ្លៃ៕ អត្តបទ៖ ឈឹម មករា








