នៅថ្ងៃចន្ទនេះ មនុស្សរាប់ពាន់នាក់ ត្រូវបានជម្លៀសចេញពីខេត្តតំបន់ឆ្នេរ ប្រទេសហ្វីលីពីន មុនពេលព្យុះទីហ្វុង គ្រោងនឹងបោកបក់ដល់ដីគោកនៅក្នុងតំបន់នេះ ដែលរងផលប៉ះពាល់ដោយសារព្យុះមួយចំនួនក្នុងចំណោមព្យុះស្លាប់មនុស្សច្រើនបំផុតនៅហ្វីលីពីន ។
យោងតាមការអះអាងរបស់សេវាកម្មឧតុនិយមជាតិ បានឲ្យដឹងថា ព្យុះទីហ្វុង Kalmaegi ស្ថិតនៅតាមផ្លូវឆ្ពោះទៅកាន់កោះ Leyte ដោយនាំមកជាមួយខ្យល់បក់ល្បឿន ១២០គ.ម ក្នុង ១ម៉ោង និងសន្ទុះខ្យល់បក់ ១៥០គ.ម ក្នុង ១ម៉ោង ។

លោក Roel Montesa គឺជាមន្រ្តីគ្រោះមហន្តរាយកោះ Leyte និយាយថា ការជម្លៀសខ្លួនមនុស្ស ត្រូវបានធ្វើឡើងនៅទីក្រុង Palo និងទីក្រុង Tanauan គឹជាទីក្រុងចំនួន ២ ដែលរងផលប៉ះពាល់ខ្លាំងបំផុតដោយសារការកញ្រ្ជោលឡើងរបស់ព្យុះកាលពីឆ្នាំ ២០១៣ ពេលដែលព្យុះទីហ្វុង Haiyan បានសម្លាប់មនុស្សជាង ៦ពាន់នាក់ ។
លោក Randy Nicart គឺជាមន្រ្តីការពារស៊ីវិល និយាយថា អ្នកស្រុករាប់ពាន់នាក់ ត្រូវបានជម្លៀសខ្លួនផងដែរ ចាប់តាំងពីថ្ងៃអាទិត្យរហូតមក នៅកោះក្បែរគ្នា Samar ជាកន្លែងដែលគេបានព្យាករថា ការកញ្ជ្រោលឡើងរបស់ព្យុះ នឹងធ្វើឲ្យមានរលកសមុទ្រកម្ពស់ ៣ម៉ែត្រ ។
រដ្ឋបាលក្នុងស្រុកមួយចំនួន កំពុងងាកទៅរកការជម្លៀសខ្លួនដោយបង្ខំ រួមទាំងនៅទីក្រុង Guiuan ជាទីដែលព្យុះទំនងជាបោកបក់ដល់ដីគោក ។
សូមបញ្ជាក់ថា ហ្វីលីពីន រងផលប៉ះពាល់ដោយសារព្យុះ និងព្យុះទីហ្វុងជាមធ្យមចំនួន ២០ព្យុះ ក្នុង ១ឆ្នាំៗ ដោយវាយប្រហារតំបន់ងាយរងគ្រោះធម្មជាតិជាទីដែលមនុស្សរាប់លាននាក់ រស់នៅក្នុងភាពក្រីក្រ ៕
