នាយករដ្ឋមន្ត្រីជប៉ុន លោកស្រី Sanae Takaichi នៅថ្ងៃចន្ទ (ទី៣ ខែវិច្ឆិកា) បាននិយាយថា លោកស្រីបានស្នើសុំជួបមេដឹកនាំកូរ៉េខាងជើង លោក Kim Jong Un ដើម្បីដោះស្រាយបញ្ហាយូរអង្វែង ពាក់ព័ន្ធនឹងជាតិជប៉ុនដែលត្រូវបានចាប់ពង្រត់ដោយទីក្រុងព្យុងយ៉ាង កាលពីប៉ុន្មានទសវត្សរ៍មុន។
បន្ទាប់ពីមានការបដិសេធជាច្រើនឆ្នាំ កូរ៉េខាងជើង បានទទួលស្គាល់នៅឆ្នាំ២០២២ ថា ភ្នាក់ងាររបស់ខ្លួនបានចាប់ជំរិតជនជាតិជប៉ុន ១៣នាក់ ក្នុងទសវត្សរ៍ឆ្នាំ១៩៧០ និងឆ្នាំ១៩៨០ ដែលត្រូវបានប្រើឲ្យបណ្តុះបណ្តាលចារកម្មរបស់ទីក្រុងព្យុងយ៉ាងជាភាសា និងទំនៀមទម្លាប់ជប៉ុន។

ទីក្រុងតូក្យូជឿថា កូរ៉េខាងជើងបានចាប់ពង្រត់ជនជាតិជប៉ុនយ៉ាងតិច ១៧នាក់ ខណៈអ្នកផ្សេងទៀតលើកឡើងថា មនុស្សជាច្រើននាក់ទៀត ប្រហែលជាត្រូវបាននាំយកទៅទីក្រុងព្យុងយ៉ាង។
លោកស្រី Takaichi បានប្រាប់ព្រឹត្តិការណ៍យល់ដឹង អំពីបញ្ហានៅទីក្រុងតូក្យូថា លោកស្រីបានស្នើសុំឲ្យមានកិច្ចប្រជុំកំពូលជាមួយលោក Kim Jong Un។
លោកស្រីនាយករដ្ឋមន្ត្រីបានសង្កត់ធ្ងន់ថា៖ «ដើម្បីសាងទំនាក់ទំនងថ្មីប្រកបដោយផ្លែផ្កា រវាងជប៉ុន និងកូរ៉េខាងជើង ខ្ញុំបានសម្រេចចិត្តជួបដោយផ្ទាល់ជាមួយប្រមុខរដ្ឋ លោក Kim Jong Un»។
ទីក្រុងព្យុងយ៉ាងមិនទាន់បានឆ្លើយតបជាសាធារណៈនៅឡើយទេ ចំពោះសំណើរបស់លោកស្រី Takaichi។ មេដឹកនាំជប៉ុនជាច្រើនរូប បានព្យាយាម ប៉ុន្តែរហូតមកដល់ពេលនេះមិនជោគជ័យឡើយ ដើម្បីជួបពិភាក្សាដោយផ្ទាល់ជាមួយលោក Kim ជុំវិញបញ្ហានេះ៕
