នគរបាលប្រទេសអូស្ត្រាលី បាននិយាយថា មនុស្សយ៉ាងហោចណាស់១០នាក់ត្រូវបានចាប់ខ្លួន ខណៈនគរបាល និងក្រុមអ្នកតវ៉ា បានប៉ះទង្គិចគ្នានៅខាងក្រៅកន្លែងតាំងពិព័រណ៍ការពារជាតិនៅទីក្រុងស៊ីដនីនៅថ្ងៃអង្គារ ទី៤ ខែវិច្ឆិកានេះ។
អ្នកតវ៉ាប្រហែល១០០នាក់ រួមទាំងក្រុមគាំទ្រប៉ាឡេស្ទីន បានមកប្រមូលផ្តុំគ្នានៅខាងក្រៅពិព័រណ៍ដែនសមុទ្រអន្តរជាតិឥណ្ឌូ-ប៉ាស៊ីហ្វិក នៅទីក្រុងកំពង់ផែ Darling Harbour។ ក្រុមហ៊ុនអ៊ីស្រាអែលជាច្រើនកំពុងដាក់តាំងបង្ហាញនៅឯសន្និសីទការពារជាតិ។

នគរបាលរដ្ឋ New South Wales បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា ក្រុមអ្នកតវ៉ាបានប៉ុនប៉ង «បំពានលើបន្ទាត់រារាំងរបស់នគរបាល»។ មេបញ្ជាការកងទ័ពជើងទឹក និងឆ្មាំឆ្នេរសមុទ្ររាប់សិបនាក់ រួមមានមកពីសហរដ្ឋអាមេរិក ជប៉ុន ហ្វីលីពីន សិង្ហបុរី និងកោះប៉ាស៊ីហ្វិក កំពុងចូលរួមក្នុងសន្និសីទនៅទីក្រុងស៊ីដនី ដែលធ្វើឡើងខណៈប្រទេសអូស្ត្រាលីត្រៀមបង្កើតកងនាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែរជាមួយសហរដ្ឋអាមេរិក និងអង់គ្លេស តាមរយៈភាពជាដៃគូអាគូស(AUKUS)។
