សមាជិកពីរនាក់នៃក្រុមហេសបូឡានៅប្រទេសលីបង់ ត្រូវបានសម្លាប់ និងមនុស្ស ៧នាក់ផ្សេងទៀត រងរបួស កាលពីរសៀលថ្ងៃចន្ទ ក្នុងការវាយប្រហារតាមអាកាសពីរដាច់ដោយឡែកពីគ្នារបស់អ៊ីស្រាអែល នៅភាគខាងត្បូងប្រទេសលីបង់។ នេះបើយោងតាមប្រភពផ្លូវការ និងសន្តិសុខ។

ទីភ្នាក់ងារសារព័ត៌មានជាតិលីបង់ (NNA) បានរាយការណ៍ថា យានដ្រូនរបស់អ៊ីស្រាអែលមួយគ្រឿង បានបាញ់មីស៊ីលតម្រង់គោលដៅបញ្ជាពីចម្ងាយចំនួន បីគ្រាប់ ដោយកំណត់គោលដៅលើរថយន្តមួយគ្រឿង នៅក្នុងទីក្រុងអាល់ឌូអៀរ (Al-Doueir)។ ការវាយប្រហារនេះ បានបណ្តាលឲ្យមនុស្សម្នាក់ស្លាប់ និង ៧នាក់ រងរបួស។
សារព័ត៌មាន NNA បានបន្ថែមថា យន្តហោះគ្មានមនុស្សបើករបស់សត្រូវមួយគ្រឿងទៀត បានធ្វើការវាយប្រហារលើម៉ូតូមួយគ្រឿង នៅក្នុងសង្កាត់ Abu Laban នៃភូមិ Aita al-Shaab។
មជ្ឈមណ្ឌលប្រតិបត្តិការសង្គ្រោះបន្ទាន់នៃក្រសួងសុខាភិបាលសាធារណៈ បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ការវាយប្រហាររបស់អ៊ីស្រាអែលលើភូមិ Aita al-Shaab បានសម្លាប់ពលរដ្ឋម្នាក់៕
